(អាល្លឺម៉ង់)៖ គូប្រជែងដ៏សំខាន់ម្នាក់របស់អធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែលឡា មឺគែល នៅក្នុងការបោះឆ្នោតជាតិនៅខែកញ្ញាខាងមុខនេះ គឺលោក Martin Schulz បាននិយាយ នៅថ្ងៃចន្ទនេះថា ក្រុមបាតុករហិង្សាដែលធ្វើការតវ៉ាប្រឆាំងនឹងកិច្ចប្រជុំG20 ក្នុងទីក្រុង Hamburg កាលពីចុងសប្ដាហ៍កន្លងទៅ បានធ្វើសកម្មភាពដូចជាពួកភេរវករ និងចូលចិត្តប្រើប្រាស់ បាតុកម្មជាមុខរបបរកស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០១៧។
ប៉ូលិសប្រមាណជា ២០,០០០នាក់ បានប៉ះទង្គិចគ្នាដោយហិង្សាជាមួយក្រុមបាតុករមួយចំនួន ដែលបានដុតបំផ្លាញរថយន្ដ កម្ទេចហាងទំនិញ និងចោលដុំទៅថ្មទៅលើប៉ូលិស នៅអំឡុង បាតុកម្មតវ៉ាប្រឆាំងនឹងកិច្ចប្រជុំ G20 កាលពីថ្ងៃទី០៧ និងទី០៨ ខែកក្កដា។ ដោយឡែក ទាក់ទិននឹងបញ្ហានេះដែរ មេដឹកនាំគណបក្សសង្គមប្រជាធិបតេយ្យ លោក Martin Schulz បាន លើកឡើងដូច្នេះថា៖ «ពួកបាតុករមួយចំនួនមានចរិកកោងកាច មិនបានធ្វើសកម្មភាពស្របច្បាប់ឡើយ តែផ្ទុយទៅវិញបែរជាប្រព្រឹត្តទង្វើដូចពួកភេរវករ...ពួកមនុស្សទាំងនេះតែងតែយក បាតុកម្មធ្វើជាជំនួញ និងយកទីក្រុងទាំងមូលធ្វើជាចំណាប់ខ្មាំង ដែលនេះមិនខុសអ្វីទៅនឹងរបៀបដែលពួកភេរវករធ្វើនោះទេ»។
គួរបញ្ជាក់ថា នៅអំឡុងបាតុកម្មតវ៉ាក្នុងទីក្រុង Hamburg មន្ត្រីប៉ូលិស៤៧៦នាក់ បានរងរបួស រីឯមនុស្ស១៨៦នាក់ត្រូវបានចាប់ខ្លួន និង២២៥នាក់ត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន។ ចំណែក ឯអធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែលឡា មឺគែល ក៏បានថ្កោលទោសអំពើហិង្សានេះដែរ ដោយបញ្ជាក់ទៀតថា រដ្ឋាភិបាលនឹងផ្ដល់សំណងដល់អ្នកទំាងឡាយណាដែលបានបាត់បង់ ឬខូចខាតទ្រព្យសម្បត្តិដោយសារតែបាតុកម្មតវ៉ា៕