(អង់ការ៉ា)៖ ទីបំផុតអាល្លឺម៉ង់បានចាប់ផ្តើមដំណើរការ នៃការដកកងទ័ពរបស់ខ្លួន ចេញពីមូលដ្ឋានយោធាជើងអាកាស Incirlik ដែលស្ថិតក្នុងភាគខាងត្បូងនៃប្រទេសតួកគីហើយ ក្រោយពីបានជួបភាគតានតឹងជាមួយរដ្ឋាភិបាលទីក្រុងអង់ការ៉ា ខណៈបន្ទាយទ័ពនេះជាគឺជាទីតាំងដ៏សំខាន់មួយ ដែលកងកម្លាំងយោធាអាល្លឺម៉ង់ បានធ្វើបេសកកម្មឈ្លបយកការណ៍ជាច្រើន ក្រោមក្របខណ្ឌនៃយុទ្ធនាការរបស់ក្រុមចម្រុះអន្តរជាតិ ដឹកនាំដោយសហរដ្ឋអាមេរិក នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០១៧។
យោងតាមក្រសួងការពារជាតិអាល្លឺម៉ង់ នីតិវិធីនៃការផ្លាស់ប្តូរទីតាំងឈរជើងរបស់យន្តហោះយោធា និងកងទ័ព ពីបន្ទាយទ័ពអាកាសនៅតួកគី ទៅកាន់ទីតាំងថ្មីនៅឯប្រទេសហ្សកដានី នឹងបង្កឲ្យមានការរាំងស្ទះដល់សកម្មភាពចូលរួមរបស់អាល្លឺម៉ង់ នៅក្នុងក្រុមចម្រុះអន្តរជាតិដឹកនាំដោយអាមេរិក សម្រាប់អំឡុងពេលយ៉ាងហោចណាស់ ក៏ពីពីរទៅបីខែដែរ។
គួរបញ្ជាក់ថា ការសម្រេចចិត្តធ្វើការដកកម្លាំងទ័ព ចេញពីមូលដ្ឋានយោធា Incirlik ត្រូវបានធ្វើឡើង បន្ទាប់ពីទំនាក់ទំនងរវាងប្រទេសទាំងពីរ បានជួបប្រទះនឹងភាពរកាំរកូសថ្មីមួយទៀត នៅពេលដែលទីក្រុងអង់ការ៉ា បានហាមឃាត់ជាលើកទីពីរ លើដំណើរទស្សនកិច្ចគ្រោងទុករួចជាមុន របស់ប្រតិភូនៃសមាជិកសភាអាល្លឺម៉ង់ សួរសុខទុក្ខកងទ័ព ដែលឈរជើងនៅឯបន្ទាយទ័ពអាកាសនោះ៕