(អាមេរិក)៖ វត្ថុអវកាសដ៏សែនឆ្ងាយ ដែលយានអវកាស New Horizons របស់អង្គការ NASA គ្រោងនឹងធ្វើការហោះទៅក្បែរក្នុងរយៈពេល ១៨ខែខាងមុខនោះ តាមពិតប្រហែលជាចង្កោមនៃវត្ថុតូចៗមួយដុំទៅវិញទេ បើយោងតាមទិន្នន័យនៃការអង្កេតមើលថ្មី។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយវិទ្យាសាស្រ្ត Space.com នៅរសៀលថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០១៧។
យានអវកាស New Horizons ដែលបានធ្វើការហោះឆ្វែលទៅកៀក (Flyby) ភ្លុយតូជាលើកដំបូងបំផុតកាលពីខែកក្កដា ឆ្នាំ២០១៥នោះ នឹងត្រូវបំពេញបេសកកម្មបែបនោះមួយផ្សេងទៀត នាថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ក៏ប៉ុន្តែលើកនេះវានឹងធ្វើឡើងចំពោះវត្ថុដែលមានការសិក្សាស្វែងយល់តិចតួចបំផុតមួយមានឈ្មោះថា 2014 MU69។
នាពេលថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្រ្តនៃបេសកកម្ម New Horizons បានទទួលឱកាសមួយ ក្នុងការធ្វើសិក្សាស្វែងយល់បន្ថែមទៀត អំពីវត្ថុអវកាស 2014 MU69 ដែលស្ថិតនៅចម្ងាយប្រមាណ ១.៦ពាន់លានគីឡូម៉ែត្រ ពីគន្លងតារាវិថីរបស់ភពភ្លុយតូ ហើយត្រូវបានគេជជាក់ថា មានទទឹងប្រវែងចន្លោះពី ២០ទៅ៤០គីឡូម៉ែត្រ។
គួរបញ្ជាក់ថា បេសកកម្មតម្លៃ ៧០០លានដុល្លារ New Horizons របស់ទីភ្នាក់ងារអវកាសអាមេរិក NASA ត្រូវបានបាញ់បង្ហោះកាលពីខែមករា ឆ្នាំ២០០៦។ ជាង០៩ឆ្នាំក្រោយមក ពោលគឺកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ យានអវកាសនេះ បានផ្តល់ឲ្យមនុស្សលោកយើងនូវការមើលឃើញយ៉ាងកៀករបស់យាននេះ ទៅនឹងភពភ្លុយតូ ជាលើកដំបូង បន្ទាប់ពីកែវយឺតលើផែនដីរកឃើញភពនេះ កាលពីឆ្នាំ១៩៣០។ ដោយឡែកការហោះ Flyby ទៅលើ 2014 MU69 គឺជាកម្មវត្ថុដ៏សំខាន់បំផុត នៃបេសកម្មបន្ថែមរបស់ New Horizons ដែលអង្គការ NASA បានផ្តល់សិទ្ធិអនុញ្ញាតកាលពីឆ្នាំមុន៕