(សេអ៊ូល)៖ កងទ័ពជើងទឹកកូរ៉េខាងត្បូងទើបតែទទួលបាន «នាវាមុជទឹកដ៏ទំនើបថ្មី» មួយគ្រឿងថែមទៀត ដើម្បីបង្កើនសមត្ថភាពធ្វើសង្រ្គាមក្រោមផ្ទៃទឹករបស់ខ្លួន ប្រឆាំងនឹងប្រទេសកូរ៉េខាងជើង នៅចំពោះមុខភាពតានតឹង ដែលកំពុងតែបន្តកើនឡើងយ៉ាងក្តៅគគុកសាជាថ្មីម្តងទៀត នៅកំពុងតំបន់ឧបទ្វីបកូរ៉េ ដោយសារតែការធ្វើតេស្តមីស៊ីល ICBM កូរ៉េខាងជើង និងការធ្វើសមយុទ្ធយន្តហោះទម្លាក់គ្រាប់បែក ដ៏មានអានុភាពរបស់អាមេរិក ដែលកំពុងដុតរោលកំហឹងទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅរសៀលថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០១៧។
ទីភ្នាក់ងារទទួលបន្ទុកខាងទិញដូរសព្វាវុធនៃប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថា នាវាមុជទឹក Yu Gwan-sun ដែលមានទម្ងន់ដល់ទៅ ១,៨០០តោន ត្រូវបានប្រគល់ជូនកងទ័ពជើងទឹក នៅក្នុងពិធីអបអរមួយនៅឯកំពង់ផែរបស់ ក្រុមហ៊ុនអភិវឌ្ឍន៍នាវា Daewoo ដែលស្ថិតលើកោះ Geoje ក្បែរទីក្រុងប៊ូសានភាគអាគ្នេយ៍នៃផ្ទៃប្រទេស។ បើតាមទីភ្នាក់ងារ DAPA នាវា Yu Gwan-sun គឺជានាវាមុជទឹកដើរដោយប្រេងសាំងធម្មតា ដែលមានសមត្ថភាពកំពូលជាងគេលើលោក ហើយវាមានសមត្ថភាពតទល់នឹងគោលដៅនៅក្រោមផ្ទៃទឹក បានជាង ៣០០គោលដៅ នៅក្នុងពេលតែមួយបានទៀតផង។ ជាងនេះទៅទៀត Yu Gwan-sun ក៏អាចបំពេញប្រតិបត្តិការក្រោមផ្ទៃទឹកបានរយៈពេលចំនួន ១០ថ្ងៃ ឬលើសពីនេះផងដែរ ដោយពុំចាំបាច់ងើបចេញផ្ទៃទឹកនោះឡើយ។
យោងតាម លោក Choi Hee-kyung ដែលជាមន្រ្តីនៃទីភ្នាក់ងារ DAPA ទីក្រុងព្យុងយ៉ាងត្រូវគេដឹងថា មាននាវាមុជទឹកច្រើនជាង ៨០គ្រឿង ខណៈកូរ៉េខាងត្បូងមានតែ ១៥គ្រឿងប៉ុណ្ណោះ ដែលកំពុងដំណើរការ ហើយនាវាមុជទឹកថ្មីនេះ នឹងជួយឲ្យទីក្រុងសេអ៊ូលកាត់បន្ថយគម្លាតនៃចំនួននាវាមុជទឹករវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះដែរ យោធាជើងទឹកកូរ៉េខាងត្បូង គ្រោងនឹងដាក់នាវាមុជទឹកនេះ ឲ្យដំណើរការជាផ្លូវការនាខែធ្នូខាងមុខនេះ បន្ទាប់ពីបានផ្តល់ការហ្វឹកហាត់ត្រឹមត្រូវគ្រប់គ្រាន់ដល់ក្រុមនាវិករួចរាល់។
គួរបញ្ជាក់ថា ភាពតាននៅក្នុងតំបន់ឧបទ្វីបកូរ៉ បានកើនឡើងក្តៅសាជាថ្មី ម្តងទៀត បន្ទាប់ពីរបបដឹកនាំទីក្រុងព្យុងយ៉ាង បានធ្វើការបាញ់សាកល្បងមីស៊ីលផ្លោងប្រភេទថ្មី ICBM ដែលអាចឆ្លងទ្វីបបានដោយជោគជ័យ កាលពីដើមសប្តាហ៍មុននេះ៕