(ឡូសអាន់ជឺឡែស)៖​ អភិបាលរដ្ឋកាលីហ្វរញ៉ា លោក Jerry Brown បានប្រកាសដាក់តំបន់ជនបទ Butte ក្នុងភាពប្រកាស​អាសន្ន កាលពីរសៀល​ថ្ងៃអាទិត្យ (ម៉ោងនៅសហរដ្ឋអាមេរិក) ខណៈក្រុមអ្នក​ពន្លត់អគ្គិភ័យ​ជិត ៥,០០០នាក់ បាននិង​កំពុងប្រយុទ្ធ​តស៊ូជាមួយ​អណ្ដាតភ្លើង​ឆេះព្រៃឈ្មោះ «Wall Fire» ​ឬ «ជញ្ជាំងភ្លើង» ដែលបាន​ និងកំពុងគំរាមកំហែង​ដល់ផ្ទះ ៥,៤០០ខ្នង។ នេះ បើតាមការ​ចេញផ្សាយ​ដោយ​ ទីភ្នាក់ងារសារព័ត៌មានចិន​ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០១៧។

ភ្លើងឆេះ​ព្រៃ Wall Fire បានចាប់ផ្ដើម​ឆេះកាលពី​ថ្ងៃសុក្រសប្ដាហ៍​មុន ចេញពី​សហគមន៍ Oroville នៃតំបន់ Butte ស្ថិតនៅ​ចំងាយ ៧៨០គីឡូម៉ែត្រ​ពីទីក្រុង​ឡូសអាន់ជែឡែស ដោយវាបាន​បង្ខំឱ្យ​អាជ្ញាធរជម្លៀស​ប្រជាជន​ច្រើនជាង ៤,០០០នាក់ ទៅកាន់​ទីទទួលមាន​សុវត្ថិភាព រីឯមនុស្ស ៧,៤០០នាក់ ត្រូវបានដាក់​ឱ្យនៅក្រោមការ​ព្រមាន​ពីការជម្លៀសខ្លួន នៅម៉ោង២៖០០នាទីរសៀស​ថ្ងៃអាទិត្យ (ម៉ោងនៅ​សហរដ្ឋអាមេរិក)។ ក៏ប៉ុន្តែភ្លាមៗ ពុំទាន់​មានសេចក្ដីរាយការណ៍​ពីជនរងគ្រោះ និងទំហំខូចខាត​នៅឡើយ។

គួរបញ្ជាក់ថា បើតាមព័ត៌មាន​បឋមពីក្រុម​ពន្លត់អគ្គិភ័យ ភ្លើងឆេះ​ព្រៃ​ដ៏កំណាចនេះ កំពុងឆាបឆេះ​នៅតំបន់​នៅតាមចំនួន ១៤កន្លែង នៃរដ្ឋ​កាលីហ្វ័រញ៉ា ក្នុងនោះ​តំបន់ San Luis Obispo អគ្គិភ័យបាន​ឆេះនៅលើ​ផ្ទៃដី ៩៧.១២​គីឡូម៉ែត្រក្រឡា និងតំបន់ Santa Barbara ៣១.៥៦គីឡូម៉ែត្រ​ក្រឡា៕ ​