ទោះបណ្តារដ្ឋអារ៉ាប់ប្រឹងច្របាច់ក «ក៏កាតាមានលុយតម្កល់ ៣៤០ពាន់លានដុល្លារ និងទ្រព្យសម្បត្តិជាច្រើនទៀត» ទុករក្សាលំនឹងប្រទេសជាតិ ទប់ទល់នឹងទណ្ឌកម្ម!
10-07-2017 12:11
(ដូហា)៖ ប្រទេសកាតាមានប្រាក់បម្រុងទុក ៣៤០ពាន់លានដុល្លារ រួមទាំងទ្រព្យសម្បត្តិរដ្ឋជាច្រើនទៀត ដែលអាចជួយប្រទេសជាតិ ទប់ទល់នឹងការដាក់ទណ្ឌកម្មពីសំណាក់បណ្ដារដ្ឋអារ៉ាប់ជិតខាង។ នេះបើតាមទេសាភិបាលធនាគារកណ្ដាលកាតា លោក Sheikh Abdullah Bin Saoud al-Thani ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងបទសម្ភាសន៍ ជាមួយស្ថានីយ៍ទូរទស្សន៍អាមេរិក CNBC ចេញផ្សាយនៅថ្ងៃចន្ទនេះ លោក al-Thani បានលើកឡើងយ៉ាងដូច្នេះថា «នេះគឺជាប្រព័ន្ធដ៏គួរឱ្យទុកចិត្តរបស់កាតា... យើងមានប្រាក់បម្រុងទុកគ្រប់គ្រាន់ ដើម្បីការពារ និងទប់ទល់រាល់ភាពវឹកវរទំាងឡាយ... ហើយយើងកំពុងធ្វើការងារជាមួយអង្គការរូបិយវត្ថុអន្តរជាតិ IMF ឬស្ថាប័នជាច្រើនសំដៅបង្កើត ប្រព័ន្ធច្បាប់, សវនាកម្ម និងការត្រួតពិនិត្យឡើងវិញរបស់យើង»។ លោក Thani បន្ថែមទៀតថា ធនាគារកណ្ដាលកាតា មានមាសជាគិតលុយ ៤០ពាន់លានដុល្លារ ព្រមទំាងបា្រក់សុទ្ធរហូតដល់ទៅ ៣០០ពាន់លានដុល្លារ។
ទោះបីយ៉ាងនេះក្តី គិតចាប់តាំងអារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម បារ៉ែន និងអេហ្ស៊ីប កាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយទីក្រុងដូហា កាលពីថ្ងៃទី០៥ ខែមិថុនាមក ទីផ្សារភាគហ៊ុន និងប្រាក់ Ryal របស់កាតាបានខាតបង់មិនតិចនោះទេ ខណៈក្រុមអ្នកសេដ្ឋកិច្ចមួយចំនួនរំពឹងថា រដ្ឋាភិបាលកាតា អាចនឹងបង្កើនការនាំចេញឧស្ម័ន ក៏ដូចជាស្វែងរកផ្លូវដឹកជញ្ជូនថ្មីមួយ ដើម្បីប្រឈមមុខនឹងវិបត្តិបច្ចុប្បន្ន៕