(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងជាថ្មីឡើងវិញថា ការបង្កើតអង្គភាពសន្តិសុខព័ត៌មានវិទ្យាជាមួយរុស្ស៊ី នឹងមិនអាចកើតឡើងឡើយ ហើយដែលការលើកឡើងបែបនេះ ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោកបានជួយជំរុញគំរោងនេះ ក្រោយជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅអំឡុងកិច្ចប្រជុំកំពូល G20 ក្នុងទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០១៧។
សរសេរនៅលើប្រអប់បញ្ចេញមតិ នៃបណ្ដាញទំនាក់ទំនងសង្គម Twitter លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ជាការពិតណាស់ប្រធានាធិបតី ពូទីន និងខ្ញុំបានពិភាក្សាគ្នាពីអង្គភាព សន្តិសុខព័ត៌មានវិទ្យា តែវាមិនមែនមានន័យថា ខ្ញុំគិតថារឿងបែបនេះអាចនឹងកើតឡើងនោះទេ... វាមិនអាចទៅរួចទេ! រីឯកិច្ចព្រមព្រៀងជាមួយរុស្ស៊ី ស្ដីពីបទឈប់បាញ់នៅស៊ីរី ទើបវាអាចទៅរួច និងអាចកើតឡើង»។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ក៏បានអះអាងដែរថា លោកបានដាក់សម្ពាធពីរដងលើប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលបានបដិសេធជាដាច់ខាតថា ទីក្រុងម៉ូស្គូមិនដែលបានលូកដៃចូលក្នុងកិច្ចការបោះឆ្នោតរបស់សហរដ្ឋអាមេរិក និងបណ្ដាប្រទេសដទៃទៀតឡើយ៕