(អ៊ីស្រាអែល)៖ កងទ័ពអ៊ីស្រាអែល កំពុងបញ្ជាទិញយន្តហោះដ្រូនខ្នាតតូច ដែលត្រូវបានផលិតឡើងជាពិសេស ដើម្បីបំពាក់សព្វាវុធទំនើបៗជាច្រើន រួមមានទាំងកាំភ្លើងយន្ត និងកាំភ្លើងផ្លោងគ្រាប់បែកទៀតផង និងមានសមត្ថភាពបំពេញប្រតិបត្តិការ នៅក្នុងតំបន់មានវត្តមានមនុស្សច្រើនបានដោយប្រសិទ្ធភាពខ្ពស់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០១៧។
យោងតាមសេចក្តីប្រកាសព័ត៌មានមួយ របស់ក្រុមហ៊ុនអភិវឌ្ឍន៍សព្វាវុធយន្តហោះដ្រូន Duke Robotics ដែលមានមូលដ្ឋាននៅភាគខាងជើង នៃរដ្ឋផ្លូរីដាសហរដ្ឋអាមេរិក និងត្រូវបានបង្កើតឡើងដោយមន្រ្តីយោធាជើងចាស់អ៊ីស្រាអែលមួយរូបនោះ យន្តហោះដ្រូនដែលត្រូវបានគេបំពាក់សព្វាវុធនេះ ត្រូវបានរចនាឡើងដើម្បីធ្វើជាជម្រើសសព្វាវុធ សម្រាប់ប្រឆាំងទៅលើសត្រូវ នៅក្នុងតំបន់មានវត្តមានជនស៊ីវិលច្រើន បានប្រកបដោយប្រសិទ្ធភាពខ្ពស់។
គួរបញ្ជាក់ថា យន្តហោះដ្រូន ដែលត្រូវបញ្ជាពីចម្ងាយនេះ អាចបំពាក់កាំភ្លើង M4 និង SR25 រួមទាំងកាំភ្លើងផ្លោងគ្រាប់បែក ឬអាចផ្ទុកទម្ងន់បានដល់ទៅ ១០គីឡូក្រាមបាន៕