(មីយ៉ាន់ម៉ា)៖ ក្រុមភេរវករពីរនាក់ត្រូវបានកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបាញ់សម្លាប់ និងជនសង្ស័យជាច្រើននាក់ផ្សេងទៀត កំពុងស្ថិតនៅក្រោមការតាមចាប់ បន្ទាប់ពីមានការប៉ះទង្គិចគ្នា ដោយអាវុធនៅភាគខាងជើងរដ្ឋ Rakhine។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០១៧។
ការប៉ះទង្គិចគ្នាដោយអាវុធ បានកើតឡើងនៅក្រោយពីកងកម្លាំងរដ្ឋាភិបាលមីយ៉ាន់ម៉ា ត្រូវបានក្រុមភេរវករលួចឆ្មក់វាយប្រហារនៅក្នុងភូមិ Tinmay នៃទីក្រុង Buthidaung កាលពីថ្ងៃអាទិត្យម្សិលមិញ នៅអំឡុងពេលពួកគេកំពុងដើរល្បាត។ ពោលគឺនៅពេលកងកម្លាំងព្យាយាមចូលទៅក្នុងផ្ទះមួយ ស្រាប់តែភេរវករបីនាក់បានស្ទុះចេញមកក្រៅ ដោយក្នុងនោះមានពីរនាក់ត្រូវបានបាញ់សម្លាប់ រីឯអាវុធមួយចំនួនក៏ត្រូវបានរឹបអូសផងដែរ។
គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក កងកម្លាំងមីយ៉ាន់ម៉ាបានចាប់ខ្លួនជនសង្ស័យ ១០នាក់ នៅក្នុងភូមិ Norokla ស្ថិតនៅទីក្រុង Maungtaw នៃរដ្ឋ Rakhine ខណៈមកទល់ពេល នេះពួកគេនៅតែបន្តតាមរកភេរវករមួយចំនួន ដែលជាប់ពាក់ព័ន្ធនឹងការវាយប្រហារនេះ៕