(ឡុងដ៍)៖ ក្រុមអ្នកពន្លត់អគ្គីភ័យ​កំពុងតែត្រដាបត្រដួស​ ក្នុងការពន្លត់ភ្លើងឆេះ​ផ្សារទំនើបមួយមាន​ឈ្មោះថា Camden ដ៏ពេញនិយម​ស្ថិតនៅភាគខាងជើង​ទីក្រុងឡុងដ៍ នៃចក្រភព​អង់គ្លេស ដែលបាន​ឆាបឆេះនៅពេល​ទៀបភ្លឺឈាន​ចូលថ្ងៃចន្ទ​សប្តាហ៍ថ្មីនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មាន​ចិនស៊ិនហួរ នាព្រឹក​ថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០១៧។

អគ្គីភ័យបាន​ចាប់ផ្តើមទន្ទ្រានពីជាន់​ទីពីរនៃផ្សារទំនើប Camden ដែលនាំ​ឲ្យដំបូលនៃផ្សារ​ត្រូវភ្លើងឆេះ​ជាបន្តបន្ទាប់​នាំផ្សែងហុយ​ខ្មួលខ្មាញ់​ពាសពេញ​ភាគខាងជើងទីក្រុង ខណៈក្រុម​ពន្លត់អគ្គីភ័យ​មានគ្នាជាង ៧០នាក់ បាន និងកំពុងព្យាយាម​ពន្លត់ដោយប្រើប្រាស់​ឡានទឹក ១០គ្រឿង។ រហូតមកដល់​ពេលនេះ មិនទាន់​មានសេចក្តី​រាយការណ៍​ណាមួយ អំពីមនុស្ស​រងរបួស ឬបាត់បង់ជីវិត​នោះឡើយ។

គួរបញ្ជាក់ថា ការឆេះផ្សារ​ទំនើប​ខាងលើនេះ បានកើតមាន​ឡើងជិតមួយខែ បន្ទាប់ពីការឆេះ​អគារខុនដូកម្ពស់ ២៤ជាន់នៅ​ទីក្រុងឡុងដ៍ដូចគ្នា កាលពីថ្ងៃទី១៤ ខែមិថុនា បានបណ្តាលឲ្យមនុស្ស ៨០នាក់ស្លាប់ ក្នុងអគ្គីភ័យ​ដែលមានរយៈពេល​រហូតដល់ទៅ ១៦ម៉ោង៕