(ម៉ូស្គូ)៖ គេហទំព័រ WikiLeaks ដែលជារឿយៗបានចេញផ្សាយព័ត៌មានសម្ងាត់ៗ ជុំវិញពិភពលោកនោះ បានផ្តល់ជម្រើសដល់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការតែងតាំងស្ថាបនិករបស់ខ្លួនគឺលោក Julian Assange ជាប្រធាននៃក្រុមការងារចម្រុះអាមេរិក-រុស្ស៊ី ស្តីពីបញ្ហាសន្តិសុខផ្នែកព័ត៌មានវិទ្យា ដែលត្រូវបានព្រមព្រៀងគ្នា នៅក្នុងអំឡុងជំនួបពិភាក្សាទល់មុខគ្នាជាលើកដំបូងរវាងមេដឹកនាំរុស្ស៊ី និងមេដឹកនាំអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Spuntik នៅព្រឹកថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០១៧។
«ហេតុអ្វីមិនឲ្យ លោក Julian Assange ធ្វើជានាយកមើលការខុសត្រូវលើក្រុមការងារនោះទៅ» ដែលនេះគឺជាការលើកឡើងរបស់ WikiLeaks នៅបណ្តាញសង្គម Twitter ជាការឆ្លើយតបទៅនឹងសារ Twitter របស់លោក ដូណាល់ ត្រាំ ស្តីពីកិច្ចពិភាក្សារបស់លោក ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ជុំវិញការបង្កើតអង្គភាពសន្តិសុខ ផ្នែកព័ត៌មានវិទ្យាចម្រុះរួមគ្នាមួយ។
គួរបញ្ជាក់ថា ជំនួបទល់មុខគ្នាលើកទីមួយរវាង លោក ត្រាំ និងលោក ពូទីន ត្រូវបានធ្វើឡើងកាលពីថ្ងៃសុក្រសប្តាហ៍មុននេះ នៅឯទីក្រុង Hamburg ក្នុងអំឡុងកិច្ចប្រជុំ G20 ហើយមានរយៈពេលរហូតដល់ទៅជាងពីរម៉ោង ហួសពីការររំពឹងទុកយ៉ាងឆ្ងាយ។ នៅចុងបញ្ចប់នៃជំនួបពិភាក្សានោះ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Rex Tillerson បានថ្លែងឲ្យដឹងថា ប្រទេសទាំងពីរ នឹងបង្កើតក្រុមការងារចម្រុះមួយ ដើម្បីអភិវឌ្ឍន៍កិច្ចព្រមព្រៀងបទក្របខ័ណ្ឌមួយ ស្តីពីប្រព័ន្ធសន្តិសុខព័ត៌មានវិទ្យា និងការមិនជ្រៀតជ្រែក នៅក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នា។
ដោយឡែក លោក Assange វិញបាននិងកំពុងជ្រកកោន ក្នុងស្ថានទូតអេក្វាឌ័រប្រចាំនៅទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស ចាប់តាំងពីឆ្នាំ២០១២មកម្ល៉េះ ក្រោមការភ័យខ្លាចថា នឹងអាចត្រូវគេធ្វើបត្យាប័នទៅកាន់ប្រទេសស៊ុយអែត និងពីស៊ុយអែតទៅកាន់សហរដ្ឋអាមេរិក ជាទីដែលរូបលោកត្រូវគេតាមចាប់ខ្លួន ពីបទធ្វើឲ្យលេចធ្លាយឯកសារសម្ងាត់ជាច្រើន៕