(ម៉ូស៊ូល)៖ ស្ថិតក្នុងសម្លៀកបំពាក់យោធា នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ លោក Haider al-Abadi បានធ្វើដំណើរមកដល់ទីក្រុងម៉ូស៊ូល កាលពីថ្ងៃអាទិត្យសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដើម្បីអបអរសាទរ ក៏ដូចជាប្រកាសអំពីជ័យជម្នះ របស់កងទ័ពរដ្ឋាភិបាលអ៊ីរ៉ាក់ ដែលនឹងអាចរំដោះទីក្រុងដ៏ធំទីពីរប្រចាំប្រទេសនេះ ចេញពីកណ្តាប់ដៃរបស់ក្រុមរដ្ឋអ៊ីស្លាម ISIS ទាំងស្រុងនាពេលឆាប់ៗខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយស្ថានីយ៍ទូរទស្សន៍ CNN នៅព្រឹកថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០១៧។
ការិយាល័យព័ត៌មានរបស់នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ បានចេញសេចក្តីថ្លែងការណ៍មួយឲ្យដឹងថា «លោក Al-Abadi បាននិយាយថា លទ្ធផលនៃសមរភូមិនៅក្នុងទីក្រុងម៉ូស៊ូល ត្រូវបានកំណត់រួចជាស្រេចហើយ ខណៈវត្តមានចុងក្រោយក្នុងចំនួនដ៏តិចតួចស្តួចស្តើង របស់ក្រុមសកម្មប្រយុទ្ធ ISIS កំពុងស្ថិតក្រោមការឡោមព័ទ្ធនៅក្នុងផ្នែកដ៏តូចមួយនៃទីក្រុង។ ដូច្នេះហើយ វាអាស្រ័យតែទៅលើពេលវេលាប៉ុណ្ណោះ នៅមុនពេលដែលយើងធ្វើការប្រកាសអំពីជោគជ័យដ៏ធំធេងនេះ ដល់ប្រជាពលរដ្ឋរបស់យើង»។
ដោយឡែកកាលពីថ្ងៃអាទិត្យម្សិលមិញនេះ លោកនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter ថា រូបលោកបានទៅដល់ទីក្រុងម៉ូស៊ូល ដែលត្រូវបានរំដោះចេញពីកណ្តាប់ដៃរបស់ក្រុម ISIS ទាំងស្រុង ដើម្បីអបអរសាទរដល់កងទ័ពរបស់លោក ក៏ដូចជាប្រជាជនអ៊ីរ៉ាក់ក្នុងការសម្រេចបាននូវជោគជ័យដ៏អស្ចារ្យនេះ ក៏ប៉ុន្តែបន្ទាប់ពីបានមកដល់ទីក្រុងនេះ លោក Al-Abadi បានជ្រាបថា វត្តមានរបស់ ISIS មិនទាន់អាចត្រូវបានកម្ចាត់ចេញមួយរយភាគរយពីទីក្រុងម៉ូស៊ូលនៅឡើយទេ។
គួរបញ្ជាក់ថា កាលពីខែតុលា ឆ្នាំ២០១៦ លោកនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ បានប្រកាសអំពីការចាប់ផ្តើមនៃប្រតិបត្តិការយោធាទ្រង់ទ្រាយធំ ដើម្បីវាយរំដោះទីក្រុងម៉ូស៊ូល ចេញពីកណ្តាប់ដៃរបស់ក្រុម ISIS ដែលបានចូលមកដណ្តើមកាន់កាប់ទីក្រុងដ៏ធំនេះ កាលពីឆ្នាំ២០១៤។ គិតមកទល់ពេលនេះ សមរភូមិដ៏បង្ហូរឈាមរវាងកងទ័ពរដ្ឋាភិបាល និងក្រុមសកម្មប្រយុទ្ធ បានបន្តអូសបន្លាយជិត០៩ខែហើយ និងបានបន្សល់ទុកឲ្យទីក្រុងនេះស្ថិតក្នុងភាពខ្ទេចខ្ទីរស្ទើរគ្មានសល់ ហើយបានសម្លាប់ជីវិតមនុស្សរាប់ពាន់នាក់ ក៏ដូចជាបានធ្វើឲ្យជិតមួយលាននាក់ផ្សេងទៀតបាត់បង់ទីជម្រក៕