(អាល្លឺម៉ង់)៖ ដោយមិនខ្វល់ពីការរិះគន់របស់អ្នកដទៃ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអនុញ្ញាតឱ្យកូនស្រីរបស់ខ្លួនគឺនាង អ៊ីវ៉ាន់កា ត្រាំ (Ivanka Trump) អង្គុយលើកៅអីប្រធានាធិបតីអាមេរិក នៅក្នុងចំណោមបណ្តាមេដឹកនាំកំពូលៗពិភពលោក អុំឡុងកិច្ចប្រជុំ G20 ក្នុងទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃសៅរ៍។ នេះគឺជាកាយវិការមួយដែលធ្វើឱ្យគេគ្រប់គ្នាមិនពេញចិត្តជាខ្លាំង ព្រោះនាង អ៊ីវ៉ាន់កា មានតួនាទីត្រឹមតែជាទីប្រឹក្សាម្នាក់ប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០១៧។
ដំបូងឡើយនាង អ៊ីវ៉ាន់កា គឺអង្គុយនៅពីក្រោយលោក ដូណាល់ ត្រាំ តែនៅពេលឪពុករបស់ខ្លួន ងើបទៅនិយាយជាមួយបណ្ដាមេដឹកនាំពិភពលោក ស្រាប់តែកូនស្រីអតីតមហាសេដ្ឋីអចលទ្រព្យរូបនេះ ខ្ទុះវឹងទៅអង្គុយលើកៅអីឪពុក នៅចំពោះមុខគេឯងក្នុងកិច្ចប្រជុំ G20។ ជុំវិញអាកប្បកិរិយានេះដែរ ស្ថានីយ៍ទូរទស្សន៍ CNN ផ្អែកលើការដកស្រង់សម្ដីពីមន្ត្រីជាន់ខ្ពស់ សេតវិមានម្នាក់ បាននិយាយយ៉ាងដូច្នេះថា «នៅពេលមេដឹកនាំពិភពលោកងើបពីកៅអីអង្គុយ កៅអីរបស់ពួកគេខ្លះត្រូវបានជំនួសដោយអ្នកដទៃ (មន្ត្រីជាន់ខ្ពស់)... អ៊ីវ៉ាន់កា អង្គុយនៅពីក្រោយ តែនៅពេលលោកប្រធានាធិបតីងើបចេញពីកៅអី នាងក៏ស្ទុះវឹងមកអង្គុយ ចំពេលដែលប្រធានធនាគារពិភពលោក ចាប់ផ្ដើមកិច្ចពិភាក្សាលើប្រធានបទ ការអភិវឌ្ឍនៅតំបន់អាហ្រិ្វក...»។
គួរបញ្ជាក់ថា អាកប្បកិរិយាបែបនេះ របស់នាង អ៊ីវ៉ាន់កា ត្រាំ បាននិងកំពុងក្លាយជាប្រធានបទជជែកដេញដោលយ៉ាងផុលផុស នៅតាមបណ្ដាញទំនាក់ទំនងសង្គម ត្បិតរូបនាងគ្រាន់តែជា ទីប្រឹក្សាម្នាក់ប៉ុណ្ណោះ ហើយម្យ៉ាងវិញទៀតជាទម្លាប់ផ្លូវការនៅក្នុងកិច្ចប្រជុំធំៗ នៅពេលប្រធានាធិបតី ឬប្រមុខរដ្ឋអវត្តមាននៅកៅអីអង្គុយ មានតែមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលប៉ុណ្ណោះដែលអាច មានសិទ្ធិអង្គុយជំនួសបាន ក្នុងរយៈពេលណាមួយ៕