(សេអ៊ូល)៖ កូរ៉េខាងជើងបានថ្កោលទោសសហរដ្ឋអាមេរិកយ៉ាងខ្លាំង សម្រាប់ការធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង ដោយបានចាត់ទុកថា នេះជាទង្វើដែលអាចនឹងបង្កទៅជាសង្រ្គាមនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ និងសង្រ្គាមលោកសាជាថ្មី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០១៧។
ការព្រមានបែបនេះរបស់កូរ៉េខាងជើង កើតមានឡើងបន្ទាប់ពីសហរដ្ឋអាមេរិក បានបញ្ជូនយន្ដហោះទម្លាក់គ្រាប់បែកពីរគ្រឿងធុន B-1B Lancers ឱ្យទៅហោះឆ្វែលពីលើឧបទ្វីបកូរ៉េ ក្រោម ក្របខណ្ឌនៃសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង ដែលត្រូវបានគេមើលឃើញថា ជាចេតនាផ្ញើសារព្រមានទៅកាន់ទីក្រុងព្យុងយ៉ាង ដែលទើបតែបានប្រកាសពីជោគជ័យនៃការបាញ់សាក ល្បងមីស៊ីលផ្លោងឆ្លងទ្វីប ICBM ជាលើកដំបូងកាលពីថ្ងៃអង្គារសប្ដាហ៍មុន។
ដោយឡែកជុំវិញសមយុទ្ធយោធានេះដែរ ថ្លែងនៅក្នុងបទអត្ថាធិប្បាយរបស់ខ្លួន សារព័ត៌មានរដ្ឋកូរ៉េខាងជើង Rodong Sinmun កាលពីថ្ងៃអាទិត្យ បានចាត់ទុកថា វាគឺការយកប្រេងទៅជះលើភ្លើងកំពុងឆេះប៉ុណ្ណោះ។ Rodong Sinmun បានបញ្ជាក់បន្ថែមដូច្នេះថា «ការយល់ច្រឡំ និងការប្រព្រឹត្តកំហុស (ដូចសហរដ្ឋអាមេរិក កំពុងធ្វើសព្វថ្ងៃ) អាចនឹងធ្វើឱ្យសង្រ្គាមនុយក្លេអ៊ែរ និងសង្រ្គាមលោកថ្មីមួយផ្ទុះឡើង... មួយវិញទៀត សហរដ្ឋអាមេរិកបាននិយាយថា ពួកគេនឹងដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកនៅឧបទ្វីបកូរ៉េ នេះគ្រាន់តែជាទង្វើឆ្កួតលីលា មិនខុសអ្វីទៅនឹងសត្វមមាចប្រឡែងភ្លើងនោះទេ»។
គួរបញ្ជាក់ថា បើទោះជាកំពុងជាប់ទណ្ឌកម្មស្ទើរជុំទិសពីសំណាក់សហគមន៍អន្តរជាតិក៏ដោយ តែ Rodong Sinmun នៅតែអះអាងថា ការអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ខ្លួន គឺគ្រាន់តែដើម្បីទប់ស្កាត់ការឈ្លានពាន និងនយោបាយអរិភាពប្រឆាំងនឹងកូរ៉េខាងជើងរបស់សហរដ្ឋអាមេរិកតែប៉ុណ្ណោះ៕