(បាងកក)៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានសម្រេចចិត្តពន្យាពេល ដោយគ្មានកំណត់កាលបរិច្ឆេទ បំពេញដំណើរទស្សនកិច្ចទៅកាន់ សហរដ្ឋអាមេរិក ដែលដំបូងឡើយ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៩ ខែកក្កដានេះ ពីព្រោះភាគីទំាងពីរត្រូវការពេលវេលាបន្ថែម ដើម្បីរៀបចំរបៀបវារៈនៃកិច្ចពិភាក្សារវាងមេដឹកនាំនៃប្រទេសទាំងពីរ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងស្រុកដកស្រង់ដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី០៩ ខែកក្កដា ឆ្នាំ២០១៧។
យោងតាមសារព័ត៌មាន Bangkok Post ដំណើរទស្សនកិច្ចរបស់លោកប្រាយុទ្ធ ត្រូវបានពន្យាពេល ប៉ុន្តែភាគីទំាងពីរអះអាងថា ដំណើរទស្សនកិច្ចនេះនឹង នៅតែត្រូវធ្វើឡើង។ Bangkok Post ផ្អែកលើការដកស្រង់សម្ដីពីស្ថានទូតអាមេរិកប្រចាំប្រទេសថៃ បានឱ្យដឹងដូច្នេះថា៖ «យើងកំពុងទន្ទឹមរង់ចំាដំណើរ ទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ទៅកាន់ទីក្រុងវ៉ាស៊ីនតោន... ហើយយើងនឹងនៅតែបន្តធ្វើការងារយ៉ាងជិតស្និទជាមួយសម្ព័ន្ធមិត្តថៃរបស់យើង ក្នុងការកំណត់កាលបរិច្ឆេទជាក់លាក់សម្រាប់ដំណើរទស្សនកិច្ច របស់លោកនាយករដ្ឋមន្ត្រីទៅកាន់សេតវិមាន»។
គួររំលឹកថា កាលពីថ្ងៃទី៣០ ខែមេសា នៅអំឡុងកិច្ចសន្ទានាតាមទូរស័ព្ទ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអញ្ជើញនាយករដ្ឋមន្ត្រីថៃ មកបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក។ ប៉ុន្តែរហូតមកដល់នៅថ្ងៃទី២៧ ខែមិថុនា មានសេចក្ដីរាយការណ៍មួយថា រដ្ឋាភិបាលថៃ មានគំរោងទិញអាវុធពីសហរដ្ឋ អាមេរិកឡើងវិញ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការយោធា នៅអំឡុងដំណើរទស្សនកិច្ចនេះ បន្ទាប់ពីទំនាក់ទំនងយោធារវាងប្រទេសទាំងពីរ ត្រូវបានរឹតត្បិតនៅក្រោមរដ្ឋបាលអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ដោយសារតែរដ្ឋប្រហារ យោធាថៃកាលពី ឆ្នាំ២០១៤៕