(អាល្លឺម៉ង់)៖ ក្រុមបាតុកររាប់រយពាន់នាក់ ដែលថ្កោលទោសបញ្ហាបម្រែប្រួលអាកាសធាតុ, វិបត្តិជនភៀសខ្លួន និងប្រឆាំង G20 នៅតែបន្ត ប្រមូលផ្តុំគ្នាធ្វើការតវ៉ាដដែល នៅព្រឹកព្រលឹមថ្ងៃអាទិត្យនេះ ក្នុងទីក្រុង Hamburg ដោយអំពើហិង្សាផ្ទុះក៏បានផ្ទុះឡើងជាថ្មីផងដែរ បន្ទាប់ពីកិច្ចប្រជុំកំពូល នេះបានបញ្ចប់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន អាល្លឺម៉ង់ DW នៅថ្ងៃអាទិត្យ ទី០៩ ខែកក្កដា ឆ្នាំ២០១៧។
នៅព្រឹកព្រលឹមថ្ងៃអាទិត្យនេះ បើទោះជាបណ្ដាមេដឹកនាំ G20 នំាគ្នាធ្វើដំណើរចាកចេញពីទីក្រុង Hamburg ក៏ដោយ ក៏បាតុកម្មរតវ៉ាដ៏ហិង្សាជាច្រើន នៅតែបន្តបន្ទុះឡើងនៅសង្កាត់ Schanze ដោយក្រុមបាតុករ បានចោលដប និងដុំថ្មទៅលើប៉ូលិស, ដុតគំនរសំរាម រថយន្ត ព្រមទំាងបំផ្លាញរបាំងការពារ ជាហេតុបង្ខំឱ្យប៉ូលិសប្រើប្រាស់ឧស្ម័នម្រេច, កាណុងបាញ់ទឹក និងឧស្ម័នបង្ហូទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុករទំាងនេះ។ ក៏ប៉ុន្តែភ្លាមៗមិនទាន់មានសេចក្ដី រាយការណ៍ផ្លូវការ ពីក្រុមបាតុកររងបួស ឬចាប់ខ្លួននោះទេ ខណៈប៉ូលិសប្រមាណជាង២០០នាក់ បានរងរបួសនៅក្នុងបាតុកម្មតវ៉ាប្រឆាំងកិច្ចប្រជុំ G20 នារយៈពេលពីរថ្ងៃមកនេះ ហើយព័ត៌មានបន្ថែម នឹងត្រូវផ្សាយនៅថ្ងៃអាទិត្យនេះ។
គួរបញ្ជាក់ថា បើតាមក្រុមអ្នករៀបចំការតវ៉ា មនុស្សដល់ទៅ ២០០,០០០នាក់ បានចូលរួមបាតុកម្មតវ៉ាប្រឆាំងនឹង G20 តែបើតាមប៉ូលិលអាល្លឺម៉ង់ ក្រុមបាតុករមានគ្នា ២២,០០០នាក់ និង ៥០,០០០នាក់ នៅពេលបាតុកម្មតវ៉ាបញ្ចប់។ ជាងនេះទៅទៀត អាជ្ញាធរអាល្លឺម៉ង់ បានប៉ាន់ប្រមាណទំហំខូចខាត រាប់រយលានដុល្លារឯណោះ ជាក់ស្ដែងគ្រាន់តែម្ចាស់ហាងម្នាក់បានអះអាង ថាខ្លួនបានបាត់បង់ទ្រព្យសម្បត្តិគិតជាទឹកប្រាក់៤៥៦,០០០ដុល្លារទៅហើយ។ ប៉ុន្តែទន្ទឹមគ្នា អធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែលឡា មឺគែល សន្យាថារដ្ឋាភិបាលនឹងផ្ដល់សំណងដល់ អ្នកដែលបានបាត់បង់ហិរញ្ញវត្ថុដោយសារតែបាតុកម្មតវ៉ានេះ៕