(វ៉ាស៊ីនតោន)៖ ជាចេតនា ឬអចេតនា? សេតវិមានរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រព្រឹត្តកំហុសឆ្គងមួយដោយបានហៅប្រធានាធិបតីចិន លោក ស៊ី ជិនពីង ជាប្រធានាធិបតីតៃវ៉ាន់ នៅក្នុងសេចក្ដីប្រកាសព័ត៌មានកត់សម្គាល់ផ្លូវការមួយ នៅមុនជំនួបទ្វេភាគីរវាងមេដឹកនាំទាំងពីរ នៅឯកិច្ចប្រជុំកំពូល G20 ក្នុងទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ០៩ ខែកក្កដា ឆ្នាំ២០១៧។
ជាផ្លូវការលោក ស៊ីជិន ពីង ត្រូវបានគេស្គាល់ជាទូទៅថា ជាប្រធានាធិបតីនៃសាធារណៈរដ្ឋប្រជាមានិតចិន (People's Republic of China) ។ ក៏ប៉ុន្តែ នៅក្នុងសេចក្ដីប្រកាសព័ត៌មានខាងលើ ផ្ដល់ជូនក្រុមអ្នកសារព័ត៌មាន សេតវិមានបែរជាហៅលោកស៊ីថាជា «ប្រធានាធិបតីសាធារណៈរដ្ឋចិន» (Republic of China) ទៅវិញ ហើយដែលពាក្យ «សាធារណៈរដ្ឋចិន» នេះ គឺសំដៅទៅលើកោះតៃវ៉ាន់ ជាទឹកដីមួយត្រូវបានទីក្រុងប៉េកាំងអះអាងថា ជាដែនដីរបស់ខ្លួន។
គួររំលឹកថា លោក ដូណាល់ ត្រាំ នៅក្នុងកិច្ចសន្ទនាតាមទូរសព្ទជាមួយប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-Wen បន្ទាប់ពីលោកបានជាប់ឆ្នោត ជាប្រធានាធិបតីអាមេរិក ធ្លាប់បដិសេធ ទទួលស្គាល់គោលនយោបាយចិនតែមួយ។ មិនតែប៉ុណ្ណោះនាពេលថ្មីៗនេះទីក្រុងវ៉ាស៊ីនតោន ថែមទំាងបានយល់ព្រម លក់មីស៊ីលឱ្យកោះតៃវ៉ានក្នុងតម្លៃជាង១.៤ពាន់លានដុល្លារទៀតផង ដែលនេះត្រូវបានចិនថោ្កលទោសយ៉ាងខ្លាំង និងចាត់ទុកទង្វើបែបនេះរបស់សហរដ្ឋអាមេរិក មានន័យស្មើនឹងការរំលោភមកលើដែនអធិបតេយ្យភាពរបស់ចិន៕