(អាល្លឺម៉ង់)៖ បណ្តាមេដឹកនាំនៃប្រទេស G20 បានប្តេជ្ញាយ៉ាងមុតមាំថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ដែលបានអុកឡុកពិភពលោកយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីបានជួបពិភាក្សាគ្នានៅថ្ងៃទីមួយ នៃកិច្ចប្រជុំ G20 ដែលបាននិងកំពុងបន្តប្រព្រឹត្តទៅនៅឯទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់។ នេះបើតាមសេចក្តីថ្លែងការណ៍រួមមួយរបស់មេដឹកនាំទាំង២០ ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅល្ងាចថ្ងៃសៅរ៍ ទី០៨ ខែកក្កដា ឆ្នាំ២០១៧។
ប្រមុខរដ្ឋនៃប្រទេសអភិវឌ្ឍន៍ទាំង២០ ដែលមានសេដ្ឋកិច្ចរីកចម្រើនខ្លាំងជាងគេលើពិភពលោក បានធានាអះអាងក៏ដូចជាបញ្ជាក់សាជាថ្មីថា គ្រប់ចំណាត់ការទាំងអស់ស្តីពីការបង្រ្កាប ក៏ដូចជាទប់ស្កាត់សកម្មភាពភេរវកម្ម នៅជុំវិញពិភពលោកត្រូវការការអនុវត្តន៍ ដោយអនុឡោមទៅតាមសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ និងរាល់កាតព្វកិច្ចទាំងអស់នៅក្រោមច្បាប់អន្តរជាតិ។
បន្ថែមពីនេះមេដឹកនាំ G20 ក៏បានគូសបញ្ជាក់ឡើងវិញពីការប្តេជ្ញារៀងៗខ្លួន ក្នុងការលុបបំបាត់រាល់ប្រភព និងបច្ចេកទេសទាំងឡាយ នៃផ្នែកហិរញ្ញវត្ថុដែលក្រុមភេរវករទទួលបាន ហើយបានរួមគ្នាអំពាវនាវឲ្យមានការអនុវត្តន៍ ប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័សនូវដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ UN និងបទដ្ឋានរបស់អង្គភាពរឹងបន្តឹងសកម្មភាពហិរញ្ញវត្ថុ FATF ទូទាំងពិភពលោក ដើម្បីពង្រឹងវិធានការប្រឆាំងនឹងការលួចឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ ដល់ក្រុមភេរវករអន្តរជាតិ។
គួរបញ្ជាក់ថា ក្រៅពីបញ្ហាភេរវកម្ម កិច្ចប្រជុំកំពូល G20 ដែលមានអាល្លឺម៉ង់ជាប្រធាននាឆ្នាំនេះនោះ បានចាប់ផ្តើមកាលពីរសៀលថ្ងៃសុក្រម្សិលមិញនេះ ជាមួយកិច្ចពិភាក្សាជុំវិញកំណើនសេដ្ឋកិច្ចសកល ការធ្វើពាណិជ្ជកម្ម និងបញ្ហាបម្រែបម្រួលអាកាសធាតុ ហើយនឹងបន្តនៅថ្ងៃសៅរ៍នេះដែលជាថ្ងៃចុងក្រោយ ជាមួយការផ្តោតសំខាន់ទៅលើភាពជាដៃគូជាមួយអាហ្រ្វិក, បញ្ហាអន្តោប្រវេសន៍, និងសុខាភិបាល៕