(កាប៊ុល)៖ ក្រុមសកម្មប្រយុទ្ធយ៉ាងតិច ៧៨នាក់បានស្លាប់ និង៤៣នាក់ផ្សេងទៀតបានរងរបួស ក្នុងអំឡុងប្រតិបត្តិការយោធាដ៏ក្តៅគគុក ដែលធ្វើឡើងដោយកងទ័ពអាហ្វហ្គានីស្ថាន នៅតាមខេត្តជាច្រើនខុសគ្នាៗ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការឲ្យដឹងពីក្រសួងមហាផ្ទៃនៃប្រទេសអាហ្វហ្គានីស្ថាន ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃសៅរ៍ ទី០៨ ខែកក្កដា ឆ្នាំ២០១៧។
ក្រសួងខាងលើបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ កងកម្លាំងសន្តិសុខជាតិអាហ្វហ្គានីស្ថាន បានបើកប្រតិបត្តិការបង្រ្កាបភេរវកម្មចំនួន ០៧ ដើម្បីធ្វើការបោសសម្អាតសត្រូវ ចេញពីតំបន់មួយចំនួនក្នុងផ្ទៃប្រទេស។ ជាលទ្ធផលក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធចំនួន ៧៨នាក់ ត្រូវបានកម្ចាត់ចោល និង៤៣នាក់ផ្សេងទៀតបានរងរបួសយ៉ាងដំណំ»។
គួរបញ្ជាក់ថា កងទ័ពអាហ្វហ្គានីស្ថាន បានបង្កើនការធ្វើប្រតិបត្តិការសន្តិសុខយ៉ាងសកម្ម ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធក្នុងអំឡុងពេលថ្មីៗនេះ ស្របដែលពេលចំនួននៃការវាយប្រហារដោយក្រុមឧទ្ទាមតាលីបង់ និងក្រុមភេរវករ ISIS បានកើនឡើងយ៉ាងសម្បើម នៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន៕