លោក ដូណាល់ ត្រាំ «រំពឹងសម្រេចកិច្ចព្រមព្រៀងធំមួយ ជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស» ក្រោយចក្រភពនេះ ចាកចេញពីអឺរ៉ុបជាផ្លូវការ!
08-07-2017 15:55
(អាល្លឺម៉ង់)៖ ប្រធានាធីបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា លោករំពឹងនឹងអាចឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏មានឥទ្ធិពលមួយ ជាមួយចក្រអង់គ្លេស បន្ទាប់ពីប្រទេសអឺរ៉ុបនេះចាកចេញពី EU។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sky News នៅរសៀលថ្ងៃសៅរ៍ ទី០៨ ខែកក្កដា ឆ្នាំ២០១៧។
លោក ដូណាល់ ត្រាំ ក៏បានសាទរនូវទំនាក់ទំនងដ៏ពិសេស ដែលរូបលោកបានបង្កើតឡើងជាមួយនាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី Theresa May ផងដែរ ស្របពេលដែលមេដឹកនាំនៃប្រទេសទាំងពីរ បានជជែកពិភាក្សាគ្នាក្នុងជំនួបក្រៅផ្លូវការ នៃកិច្ចប្រជុំកំពូល G20 ដែលបានឈានចូលដល់ថ្ងៃទីពីរ ដែលជាថ្ងៃបញ្ចប់នៅឯទីក្រុង Hamburg នៃប្រទេសអាល្លឺម៉ង់។
ជាមួយគ្នានោះ លោកប្រធានាធីបតីអាមេរិកបានឲ្យដឹងទៀតថា រូបលោកបានរំពឹងថា នឹងអាចឈានដល់ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ ជាមួយចក្រភពអង់គ្លេស ក្នុងពេលឆាប់ៗបំផុតខាងមុខនេះ ហើយវានឹងពិតជាប្រសើរខ្លាំងណាស់សម្រាប់ប្រទេសទាំងពីរ៕