(អាល្លឺម៉ង់)៖ បាតុកម្មប្រឆាំងកិច្ចប្រជុំ G20 បានឈានចូលថ្ងៃទី០២ ហើយដែលជាថ្ងៃចុងក្រោយ នៃកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃនេះ ដោយក្រុមអ្នកតវ៉ានៅតែបន្តសកម្មភាពតាំងពីមុនថ្ងៃប្រជុំ រហូតដល់កិច្ចប្រជុំចាប់ផ្តើមកាលពីថ្ងៃសុក្រ ដែលបានបង្កជាអំពើហិង្សារវាងប៉ូលិស និងបាតុករ បន្សល់ទុកប៉ូលិសជិត ២០០នាក់រងរបួស និងបាតុករជាង ១០នាក់រងរបួសដូចគ្នា ខណៈបាតុករ ៨៩នាក់ត្រូវបានឃាត់ខ្លួន ក្នុងនោះ ១៩នាក់ត្រូវបានប៉ូលិសសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន។ នេះបើតាមការដកស្រង់ការផ្សាយ ពីបណ្តាញព័ត៌មាន Aljazeera នារសៀលថ្ងៃសៅរ៍ ទី០៨ ខែកក្កដា ឆ្នាំ២០១៧។
អ្វីដែលកាន់តែធ្ងន់ធ្ងរនោះ គឺក្បួនរថយន្តរបស់ថ្នាក់ដឹកនាំនានាព្រមទាំងភរិយា របស់បណ្តាប្រទេសទាំងអស់ ត្រូវបានការពារយ៉ាងតឹងតែងបំផុត ហើយក្នុងនោះដំណើរដ៏សំខាន់មួយរបស់ភរិយា លោក ដូណាល់ ត្រាំ គឺលោកស្រី មេឡានៀ ត្រូវបានអាជ្ញាធរអាល្លឺម៉ង់សម្រេចលុបចោល ក៏ព្រោះតែប៉ូលិសមិនអាចធ្វើការបំបែកហ្វូងបាតុករ ដើម្បីឲ្យក្បួនរថយន្តរបស់លោកជំទាវទី១រូបនេះ ឆ្លងកាត់បាននោះឡើយ ទើបលោកស្រី មេឡានៀ មិនអាចចាកចេញពីសណ្ឋាគារបាន ដើម្បីទៅបំពេញទស្សនកិច្ចនៅទីតាំងប្រវត្តិសាស្ត្រមួយក្នុងទីក្រុង Hamburg។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃសៅរ៍នេះ (ម៉ោងនៅទីក្រុងប៊ែរឡាំង) ក្រុមបាតុករបានចាប់ផ្តើមចេញធ្វើបាតុកម្មបន្ថែមទៀត ដោយពួកគេភាគច្រើនបានសម្តែងការប្រឆាំង ទៅនឹងបញ្ហាជាច្រើនដូចជា មូលធននិយម, នយោបាយអាកាសធាតុ និងសកលភាវូបនីយកម្មផងដែរ។ បាតុករមួយចំនួន បានសម្តែងការប្រឆាំងទៅនឹងវត្តមានរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលទើបតែសម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ដែលបាន និងកំពុងបង្កឲ្យមានរិះគន់ធ្ងន់ៗនៅទូទាំងពិភពលោក។
រហូតមកដល់ពេលនេះ មិនទាន់មានការសរុបការខូចខាតជារួម ដោយសារតែបាតុកម្មប្រឆាំងនឹងកិច្ចប្រជុំ G20 នៅឡើយទេ ប៉ុន្តែគេសង្កេតឃើញថា បាតុករប្រកបដោយអំពើហិង្សាមួយចំនួនបានដុតបំផ្លាញសម្បត្តិឯកជន និងសាធារណៈជាច្រើននៅតាមដងផ្លូវ ជាពិសេសគឺរថយន្ត ដែលប៉ូលិសបានអះអាងកាលពីយប់ថ្ងៃសុក្រថា យ៉ាងតិចរថយន្តតូច-ធំជាង ២០គ្រឿងត្រូវបានដុតបំផ្លាញ ហើយនេះជាការលក់មុខមិនស្ទើរឡើយ សម្រាប់រដ្ឋាភិបាលអាល្លឺម៉ង់ ដែលប្រឈមមុខនឹងបាតុកម្មដ៏ហិង្សា ចំពោះមុខថ្នាក់ដឹកនាំមហាអំណាចកំពូលៗលើលោកបែបនេះ៕