(ភ្នំពេញ)៖ ក្រោយមានករណីបង្រ្កាបបាតុកម្មដ៏សាហាវ នៅទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់នោះ លោក អំ សំអាត មន្រ្តីជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧នេះ បានសម្តែងការសោកស្តាយចំពោះអំពើហិង្សានេះ។ ទោះបីយ៉ាងណាលោកនិយាយថា ការធ្វើឡើងដើម្បីការពារសន្តិសុខ សុវត្ថិភាពរបស់ប្រទេស និងកិច្ចប្រជុំកំពូល G20 គឺជារឿងមួយ ប៉ុន្តែរដ្ឋាភិបាលអាល្លឺម៉ង់ គឺអាចមានជម្រើសផ្សេងដែលល្អជាងអំពើហិង្សានេះ។
ចំណាប់អារម្មណ៍របស់ មន្រ្តីជាន់ខ្ពស់នៃអង្គការលីកាដូ បានធ្វើឡើងបន្ទាប់ពី មានការប៉ះទង្គិចគ្នាដ៏សាហាវមួយ ក្នុងការបង្រ្កាបរបស់ កម្លាំងប៉ូលិស ទៅលើក្រុមបាតុករ ដែលឡោមព័ទ្ធកិច្ចប្រជុំ G20 នាទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់ ជាកន្លែងមេដឹកនាំកំពូលៗ នៅលើពិភពលោកជួបគ្នា បណ្តាលឲ្យមន្ត្រី ប៉ូលិសរងរបួស បានកើនឡើងដល់១៩៦នាក់, បាតុករមួយចំនួនរងរបួស និងបាតុករ៨៣នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន។
លោក អំ សំអាត បាននិយាយថា ក្នុងនាមជាអ្នកធ្វើការផ្នែកសិទ្ធិមនុស្ស លោកមិនចង់ឃើញមានអំពើហិង្សាណាមួយ កើតឡើងនោះទេ ហើយថារដ្ឋាភិបាលអាល្លឺម៉ង់ គួរមានជម្រើសដែលប្រសើរជាងនេះ ដើម្បីទប់ស្កាត់កុំឲ្យមានអំពើហិង្សាកើតឡើង។
លោកបានថ្លែងយ៉ាងដូច្នេះថា «យើងខាងសិទ្ធិមនុស្ស កាលណាមានអំពើហិង្សាបង្កជារបួសស្នាមនោះ ទី១៖ គឺយើងសោកស្តាយ ព្រោះការបង្រ្កាបទៅវាមានការ ប៉ះទង្គិចទាំងសង្ខាង យើងមិនចង់ឃើញអំពើហិង្សាដែលកើតឡើងទេ។ មួយទៀតយើងសង្កេតឃើញថា ប្រទេសអាល្លឺម៉ង់ក៏ជាប្រទេសដែល ប្រកាន់លទ្ធិប្រជាធិបតេយ្យ អញ្ចឹងគួរតែចៀសវាងនូវការបង្រ្កាប ឬអំពើហិង្សា»។
លោកបានបន្ថែមទៀតថា៖ «ខ្ញុំគិតថា សន្តិសុខ សុវត្ថិភាព គឺជារឿងមួយ ប៉ុន្តែរដ្ឋាភិបាល គួរតែគិតឲ្យបានគ្រប់ជ្រុងជ្រោយ មុននឹងធ្វើការសម្រេចណាមួយ ហើយខ្ញុំជឿថាអាចនឹង មានជម្រើសផ្សេងក្នុងការកាត់បន្ថយហានិភ័យ ក្នុងការបង្រ្កាបដែលកើតឡើង»។
គួរបញ្ជាក់ផងដែរថា ក្បួនបាតុកម្មទ្រង់ទ្រាយធំមួយ ដែលក្រុមបាតុករដាក់ឈ្មោះឱ្យថា «ស្វាគមន៍ការមកកាន់ឋាននរក» ឬ Welcome to Hell បានបង្កជាអំពើហិង្សាឡើង ក្រោយបាតុករមួយចំនួននាំគ្នា ចោលដុំថ្ម និងដបទៅលើប៉ូលិស ជាហេតុបង្ខំឱ្យប៉ូលិសសម្រេចចិត្ត ប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹកបំបែកក្រុមបាតុករទាំងនេះវិញ។ មិនតែប៉ុណ្ណោះ ប៉ូលិសបានប៉ាន់ស្មានថា ក្រុមបាតុករ ប្រមាណ ១០០,០០០នាក់ បានចូលរួមនៅក្នុងបាតុកម្ម តវ៉ាប្រឆាំង G20 នៅអំឡុងកិច្ចប្រជុំដែលបាន និងកំពុងប្រព្រឹត្តនៅឡើយ មកដល់ថ្ងៃសៅរ៍នេះ។
រហូតមកដល់ពេលនេះ មិនទាន់មានរបាយការណ៍ច្បាស់លាស់ណាមួយ បង្ហាញអំពីតួលេខនៃការខូចខាតទ្រព្យសម្បត្តិឯកជន ឬសាធារណៈ ដែលបានបង្កឡើង ដោយបាតុកម្មដ៏ហិង្សាខាងលើនេះឡើយ ប៉ុន្តែស្ថាប័នប៉ូលិសអាល្លឺម៉ង់ បានអះអាងត្រួសៗថា មានរថយន្តមិនតិចជាង ២០គ្រឿងនោះឡើយត្រូវបានបាតុករ បំផ្លិចបំផ្លាញ និងដុតចោល។ បន្ថែមពីនេះទៀត កម្មវិធីកម្សាន្ត និងសប្បុរសធម៌នានា ដែលគ្រោងដឹកនាំដោយជំទាវទី១ របស់លោក ត្រាំ និងភរិយាថ្នាក់ដឹកនាំ ពិភពលោក ផ្សេងៗទៀតនោះ ក៏មិនអាចធ្វើឡើងនោះដែរ ព្រោះតែបាតុកម្មកំពុងក្តៅគគុក ហើយលោកជំទាវទាំងអស់ មិនអាចចេញពីសណ្ឋាគារបាន៕