(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នឹងធ្វើតេស្តក្នុងខែនេះទៅលើប្រព័ន្ធខែលការពារមីស៊ីលកម្រិតខ្ពស់ THAAD ក្រោយការអួតអាងរបស់កូរ៉េខាងជើង ជុំវិញភាពជោគជ័យនៃការបាញ់សាកល្បងមីស៊ីលផ្លោងឆ្លងទ្វីប ICBM កាលពីដើមសប្តាហ៍នេះ។ នេះបើតាមសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអាមេរិក ដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសៅរ៍ ទី០៨ ខែកក្កដា ឆ្នាំ២០១៧។
បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Fox News ទីភ្នាក់ងារការពារមីស៊ីលរបស់សហរដ្ឋអាមេរិក នឹងធ្វើតេស្តសមត្ថភាពរបស់ប្រព័ន្ធ THAAD ដែលឈរជើងនៅមូលដ្ឋាន Pacific Spaceport Complex Alaska ក្នុងទីក្រុង Kodiak នៃរដ្ឋអាឡាស្កា។ ប្រភពព័ត៌មានដដែលបានបញ្ជាក់ទៀតថា ក្នុងអំឡុងនៃការធ្វើតេស្តនោះ ប្រព័ន្ធ THAAD នឹងចាប់សញ្ញា តាមដាន ក៏ដូចជាស្ទាក់ចាប់គោលដៅ ជាមួយគ្រាប់មីស៊ីលរបស់ THAAD។ ការធ្វើសាកល្បងសមត្ថភាពនេះ នឹងត្រូវធ្វើឡើងដើម្បីប្រឆាំងនឹងគ្រាប់មីស៊ីលផ្លោងរយៈចម្ងាយមធ្យមចំនួនមួយគ្រាប់។
គួរបញ្ជាក់ថា គម្រោងនៃការធ្វើតេស្តនេះ ត្រូវបានរៀបចំឡើងបន្ទាប់ពីកាលពីថ្ងៃអង្គារសប្តាហ៍នេះ ប្រទេសកូរ៉េខាងជើង បានប្រកាសអំពីភាពជោគជ័យរបស់ខ្លួន ក្នុងការបាញ់សាកល្បងគ្រាប់មីស៊ីលផ្លោងអន្តរទ្វីបចំនួនមួយគ្រាប់ ដែលរត់បានចម្ងាយ ៩៣៣គីឡូម៉ែត្រ និងឡើងដល់រយៈកម្ពស់ ២,៨០០គីឡូម៉ែត្រ ក្នុងអំឡុងពេលធ្វើដំណើរចំនួន ៣៩នាទី នៅមុនពេលធ្លាក់ចុះមកវិញ ហើយបាញ់ចំគោលដៅកំណត់ទុក ដែលស្ថិតក្នុងសមុទ្រជប៉ុនដោយជោគជ័យ៕