(តូក្យូ)៖ យោធាកូរ៉េខាងត្បូងបានអះអាងថា យន្តហោះចម្បាំង F-15 និង F-16 របស់ខ្លួនបានចូលរួមជាមួយនិងយន្តហោះទម្លាក់គ្រាប់បែកអាមេរិក B-1B ដ៏មានអានុភាពបំផុត ដើម្បីហោះហើរលើទឹកដីកូរ៉េខាងត្បូង ក្នុងន័យការពារ និងឆ្លើយតបភ្លាមៗ ចំពោះសកម្មភាពបង្កហេតុណាមួយបន្ថែមទៀត ពីសំណាក់កូរ៉េខាងជើង ក្រោយការធ្វើតេស្តមីស៊ីលអន្តរទ្វីប ICBM ជោគជ័យកាលពីថ្ងៃអង្គារសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នាព្រឹកថ្ងៃសៅរ៍ ទី០៨ ខែកក្កដា ឆ្នាំ២០១៧។
លើកនេះយន្តហោះទម្លាក់គ្រាប់បែក B-1B អមដំណើរដោយយន្តហោះចម្បាំងបីគ្រឿងខាងលើនេះ ត្រូវបានបញ្ជូនទៅធ្វើការហោះហើរពីខេត្ត Gangwon ភាគឦសានកូរ៉េខាងត្បូង ដែលស្ថិតជិតព្រំដែនកូរ៉េខាងជើង ហើយសកម្មភាពនេះ ត្រូវបានយោធាប្រទេសសម្ព័ន្ធមិត្តទាំងពីរអះអាងថា ជាការពង្រឹងសមត្ថភាពវាយប្រហារ ដើម្បីទប់ទល់នឹងការបង្កហេតុណាមួយ។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រម្សិលមិញនេះ យន្តហោះទម្លាប់គ្រាប់បែករយៈចម្ងាយឆ្ងាយរបស់អាមេរិកពីរគ្រឿង ក៏បានហោះហើរពីលើដែនសមុទ្រចិនខាងត្បូងផងដែរ ខណៈដែលប្រធានាធិបតីចិន ស៊ី ជិពីង និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងស្ថិតនៅក្នុងទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់ ដើម្បីចូលរួមកិច្ចប្រជុំ G20 ដោយទង្វើនេះបានបង្កជាភាពក្តៅក្រហាយយ៉ាងខ្លាំង ពីសំណាក់ទីក្រុងប៉េកាំង៕