(វ៉ាស៊ីនតោន)៖ បន្ទាប់ពីសហរដ្ឋអាមេរិក បានគំរាមដាក់ទណ្ឌកម្មបន្ថែម លើការបាញ់សាកល្បងមីស៊ីលផ្លោងឆ្លងទ្វីប ICBM របស់កូរ៉េខាងជើងកាលពីថ្ងៃអង្គារសប្តាហ៍នេះ ទីក្រុងព្យុងយ៉ាងបានឲ្យតំរុយវិញថា នឹងមានការធ្វើតេស្តលើកក្រោយៗថែមទៀត នាពេលអនាគត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី០៨ ខែកក្កដា ឆ្នាំ២០១៧។
ប្រជាជាតិដ៏ឯកោមួយនេះ បានសំដៅទៅលើការធ្វើតេស្តផ្លោងមីស៊ីល Hwasong-14 កាលពីពេលថ្មីៗនេះថា ជាកញ្ចប់កាដូពិសេសមួយ សម្រាប់ថ្ងៃបុណ្យឯករាជ្យរបស់សហរដ្ឋអាមេរិក ដែលបានប្រារព្ធឡើងកាលពីថ្ងៃអង្គារ ទី០៤ កក្កដា ឆ្នាំ២០១៧ និងគូសបង្ហាញពីគោលជំហរយ៉ាងរឹងមាំ ឥតងាករេរបស់ខ្លួនសាជាថ្មីម្តងទៀតថា កម្មវិធីអាវុយធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ត្រូវបានរចនាឡើង ដើម្បីទប់ទល់សកម្មភាពឈ្លានពានទាំងឡាយពីទីក្រុងវ៉ាស៊ីនតោន។
ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយ របស់អ្នកនាំពាក្យមួយរូបនៃក្រសួងការបរទេសកូរ៉េខាងជើង ដោយលើកឡើងថា «សហរដ្ឋអាមេរិកនឹងទទួលបានកញ្ចប់កាដូថែមទៀត ហើយនៅក្នុងទំហំខុសប្លែកគ្នាជាច្រើន ពីប្រទេសកូរ៉េខាងជើង ខណៈទីក្រុងវ៉ាស៊ីនតោន កំពុងតែត្រដរប៉ុនប៉ងបំផ្លិចបំផ្លាញរបបដឹកនាំទីក្រុងព្យុងយ៉ាង តាមរយៈវិធីសាស្រ្តនៃការដាក់ទណ្ឌកម្ម និងសម្ពាធ»។ ជាងនេះទៅទៀត កូរ៉េខាងជើង បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ដដែលនេះថា ដរាបណាសហរដ្ឋអាមេរិក មិនបោះបង់ចោលគោលជំហរឈ្លានពានរបស់ខ្លួនចំពោះទីក្រុងព្យុងយ៉ាងទេនោះ ការចរចាគ្នាជុំវិញកម្មវិធីនុយក្លេអ៊ែរ-មីស៊ីលផ្លោង ក៏នឹងពុំមានលទ្ធភាពអាចទៅរួចនោះដែរ។
គួរបញ្ជាក់ថា បើតាមអ្នកជំនាញមួយចំនួន គោលដៅនៃការធ្វើតេស្តមីស៊ីលផ្លោង ICBM របស់កូរ៉េខាងជើងកាលពីថ្ងៃអង្គារសប្តាហ៍នេះ អាចបង្កឲ្យរដ្ឋអាឡាស្កា រួមទាំងមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិក ដែលស្ថិតក្នុងតំបន់ប៉ាស៊ីហ្វិកភាគពាយ័ព្យ ធ្លាក់ក្រោមរយៈចម្ងាយនៃការវាយប្រហារ ដោយទីក្រុងព្យុងយ៉ាងបាន ស្របពេលដែលកូរ៉េខាងជើង បានអួតអាងក្តែងៗថា មីស៊ីលដែលទើបអភិឌ្ឍន៍ថ្មីនេះ អាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរដ៏មានឥទ្ធិពល និងមានសមត្ថភាពបាញ់ដល់ទឹកដីអាមេរិក៕