(វ៉ាស៊ីនតោន)៖ បណ្តាមេដឹកនាំនៃសម្ព័ន្ធមិត្តទាំងបីរួមមាន សហរដ្ឋអាមេរិក-កូរ៉េខាងត្បូង-ជប៉ុន បានសម្រេចថា នឹងជំរុញឲ្យមានការដាក់ចេញនូវដំណោះស្រាយថ្មីមួយទៀត របស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC) ដើម្បីដាក់ទណ្ឌកម្មបន្ថែមប្រឆាំងទៅនឹងប្រទេសកូរ៉េខាងជើង ឆ្លើយតបចំពោះការធ្វើតេស្តគ្រាប់មីស៊ីល កាន់តែធំឡើងៗ។ នេះបើតាមសេចក្តីថ្លែងការណ៍រួម ដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី០៨ ខែកក្កដា ឆ្នាំ២០១៧។
សេចក្តីថ្លែងការណ៍រួមខាងលើ ដែលត្រូវបានប្រកាសឲ្យដឹងដោយសេតវិមានអាមេរិក ត្រូវបានធ្វើឡើងបន្ទាប់ពីមេដឹកនាំនៃប្រទេសទាំងបី បានធ្វើការជជែកពិភាក្សាគ្នា ក្នុងជំនួបត្រីភាគីក្រៅផ្លូវការ នៃកិច្ចប្រជុំ G20 នៅឯទីក្រុង Hamburg នៃប្រទេសអាល្លឺម៉ង់។
ក្នុងសេចក្តីថ្លែងការណ៍នោះបានបញ្ជាក់យ៉ាងដូច្នេះថា «ប្រធានាធិបតី ដូណាល់ ត្រាំ, ប្រធានាធីបតី មូន ជែអ៊ីន, និងនាយករដ្ឋមន្រ្តី ស៊ិនហ្សូ អាបេ បានសម្រេចឯកភាពគ្នា ក្នុងការជំរុញឲ្យមានការដាក់ចេញនូវ សេចក្តីសម្រេចថ្មីរបស់ UNSC ឲ្យបានឆាប់រហ័ស ជាមួយនិងទណ្ឌកម្មបន្ថែមមួយចំនួនទៀត ដើម្បីបង្ហាញឲ្យកូរ៉េខាងជើងឃើញថា ខ្លួននឹងត្រូវប្រឈមមុខលទ្ធផលធ្ងន់ធ្ងរ សម្រាប់ទង្វើបង្កហេតុ បង្កអស្ថិរភាព និងដុតរោលស្ថានការណ៍របស់របបដឹកនាំ ទីក្រុងព្យុងយ៉ាង។ ក្រៅពីនេះមេដឹកនាំទាំងបី បានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគី ឲ្យកាន់តែរឹងមាំថែមទៀត នៅចំពោះមុខការគំហែងកំហែង ដែលបង្កឡើងដោយកូរ៉េខាងជើង»។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ ប្រទេសកូរ៉េខាងជើងបានប្រកាសអំពីភាពជោគជ័យរបស់ខ្លួន ក្នុងការបាញ់សាកល្បងគ្រាប់មីស៊ីលផ្លោងអន្តរទ្វីបចំនួនមួយគ្រាប់ ដែលរត់បានចម្ងាយ ៩៣៣គីឡូម៉ែត្រ និងឡើងដល់រយៈកម្ពស់ ២,៨០០គីឡូម៉ែត្រ ក្នុងអំឡុងពេលធ្វើដំណើរចំនួន ៣៩នាទី នៅមុនពេលធ្លាក់ចុះមកវិញ ហើយបាញ់ចំគោលដៅកំណត់ទុក ដែលស្ថិតក្នុងសមុទ្រជប៉ុន។ មួយថ្ងៃក្រោយមកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោកស្រី Nikki Haley បានព្រមានថា សហរដ្ឋអាមេរិក បានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីប្រើប្រាស់ឲ្យអស់លទ្ធភាពដែលខ្លួនមាន រួមទាំងជម្រើសនៃការប្រើកម្លាំងយោធា ដើម្បីការពារខ្លួនឯងរួមទាំងសម្ព័ន្ធមិត្ត ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង៕