(Hamburg)៖ ប៉ូលិសអាល្លឺម៉ង់ ថ្ងៃសៅរ៍នេះបាននិយាយថា មន្ត្រីប៉ូលិសរងរបួសបានកើនឡើងដល់១៩៦នាក់ និងមនុស្ស ៨៣នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន នៅអំឡុងការប៉ះទង្គិចគ្នាដោយហិង្សា នៅឯទីក្រុង Hamburg ជាទីដែលកិច្ចប្រជុំ G20 កំពុងប្រព្រឹត្តទៅនៅឡើយ ខណៈប៉ូលិសជាង ២០,០០០នាក់ត្រូវបានបង្កើនដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន DW របស់អាល្លឺម៉ង់ នៅព្រឹកថ្ងៃសៅរ៍ ទី០៨ ខែកក្កដា ឆ្នាំ២០១៧។
គួរបញ្ជាក់ថា នៅក្នុងក្បួនបាតុកម្មតវ៉ា ដែលក្រុមបាតុករដាក់ឈ្មោះឱ្យថា «ស្វាគមន៍ការមកកាន់ឋាននរក» ឬ Welcome to Hell ក៏បានបង្កជាអំពើហិង្សា ក្រោយក្រុមបាតុករមួយចំនួននំាគ្នា ចោលដុំថ្ម និងដបទៅលើប៉ូលិស ជាហេតុបង្ខំឱ្យប៉ូលិសសម្រេចចិត្ត ប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹកបំបែកក្រុមបាតុករទាំងនេះ។ មិនតែប៉ុណ្ណោះ ប៉ូលិសបានប៉ាន់ស្មានថា ក្រុមបាតុករ ប្រមាណ ១០០,០០០នាក់ បានចូលរួមនៅក្នុងបាតុកម្មតវ៉ាប្រឆាំង G20 នៅអំឡុងកិច្ចប្រជុំដែលបាន និងកំពុងប្រព្រឹត្តនៅឡើយ មកដល់ថ្ងៃសៅរ៍នេះ។
គួរបញ្ជាក់ថា មិនទាន់មានរបាយការណ៍ណាមួយ បង្ហាញអំពីតួលេខនៃការខូចខាតទ្រព្យសម្បត្តិឯកជន ឬសាធារណៈ ដែលបានបង្កឡើង ដោយបាតុកម្មដ៏ហិង្សាខាងលើនេះឡើយ ប៉ុន្តែស្ថាប័នប៉ូលិសអាល្លឺម៉ង់បានអះអាងត្រួសៗថា រថយន្តមិនតិចជាង ២០គ្រឿងនោះឡើយ ត្រូវបានបាតុករបំផ្លិចបំផ្លាញ និងដុតចោល។ បន្ថែមពីនេះទៀត កម្មវិធីកម្សាន្ត និងសប្បុរសធម៌នានា ដែលគ្រោងដឹកនាំដោយជំទាវទី១ របស់លោក ត្រាំ និងភរិយាថ្នាក់ដឹកនាំពិភពលោកផ្សេងៗទៀតនោះ ក៏មិនអាចធ្វើឡើងនោះដែរ ព្រោះតែបាតុកម្មកំពុងក្តៅគគុក ដោយលោកជំទាវទាំងអស់ មិនអាចចេញពីសណ្ឋាគារបានឡើយ៕