(អាល្លឺម៉ង់)៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានព្រមានដល់គ្រប់ភាគីដែលពាក់ព័ន្ធទាំងអស់កុំឲ្យមានភាពឆេវឆាវ ជុំវិញមហិច្ឆតានៃអាវុធនុយក្លេអ៊ែររបសើប្រទេសកូរ៉េខាងជើង ហើយលោក ពូទីន បានអំពាវនាវឲ្យប្រើប្រាស់វិធីសាស្រ្តដែលមានភាពជាក់ស្តែងនិងត្រឹមត្រូវច្បាស់លាស់ ដើម្បីដោះស្រាយជាមួយកម្មវិធីនុយក្លេអ៊ែររបស់រដ្ឋកុម្មុនិស្តដ៏រឹងទទឹងមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មា Reuters នៅយប់ថ្ងៃសុក្រ ទី០៧ ខែកក្កដា ឆ្នាំ២០១៧។
ការគូសបញ្ជាក់បែបនេះរបស់លោក ពូទីន ត្រូវបានធ្វើឡើងនៅក្រោយជំនួបរវាងរូបលោក និងប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន នៅឯកិច្ចប្រជុំ G20 ក្នុងទីក្រុង Hamburg នៃប្រទេសអាល្លឺម៉ង់។ នាឱកាសនោះលោក មូន ជែអ៊ីន ក៏បានលើកឡើងផងដែរថា លោកនៅតែគាំទ្រ ចំពោះការប្រើប្រាស់កិច្ចចរចាដោយសន្តិវិធីជាមួយកូរ៉េខាងជើង ទោះបីជាទីក្រុងព្យុងយ៉ាងបានបង្កសកម្មភាពបង្កហេតុនៃសង្រ្គាមនុយក្លេអ៊ែរ តាមរយៈការធ្វើតេស្តមីស៊ីលផ្លោង ដែលខ្លួនបានអួតអាងថាជាប្រភេទឆ្លងទ្វីប ICBM អាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបានក៏ដោយក្តី។
ទន្ទឹមនឹងនេះលោក មូន ក៏បានបន្ថែមទៀតថា រូបលោកមើលឃើញតួនាទីមួយ សម្រាប់លោក ពូទីន ក្នុងការជួយកាត់បន្ថយភាពតានតឹងនៃវិបត្តិនៅក្នុងតំបន់ឧបទ្វីបកូរ៉េ៕