(អាល្លឺម៉ង់)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថាលោកនៅតែចង់ឲ្យ ប្រទេសម៉ិចស៊ីកូចេញថ្លៃចំណាយលើគម្រោងការសង់ជញ្ជាំងតាមបណ្តាញព្រំដែនប្រទេសទាំងពីរដដែល បន្ទាប់ពីរូបលោក បានជួបពិភាក្សាគ្នាជាលើកដំបូងជាមួយមេដឹកនាំម៉ិចស៊ីកូ ក្នុងជំនួបក្រៅផ្លូវការនៃកិច្ចប្រជុំ G20 នៅទីក្រុង Hamburg នៃប្រទេសអាល្លឺម៉ង់។ នេះបើតាមការចេញផ្សាយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃសុក្រ ទី០៧ ខែកក្កដា ឆ្នាំ២០១៧។
នៅពេលត្រូវក្រុមអ្នកសារព័ត៌មានចោទសួរ ថាតើលោកនៅតែមានបំណងចង់ឲ្យម៉ិចស៊ីកូ ធ្វើការបង់ថ្លៃសម្រាប់ការចំណាយលើការសាងសង់ជញ្ជាំងនៅតាមខ្សែបន្ទាប់ព្រំដែន នៃប្រទេសជិតខាងទាំងពីរដូចដើមដដែលឬយ៉ាងណានោះ លោក ដូណាល់ ត្រាំ បានឆ្លើយតបយ៉ាងខ្លីថា «ប្រាកដណាស់»។ ដោយឡែក ប្រធានាធិបតីម៉ិចស៊ីកូលោក Enrique Pena Nieto ពុំបានធ្វើបញ្ជាក់អ្វីច្បាស់នោះឡើយ ដោយលោកគ្រាន់ត្រឹមបានលើកឡើងថា «ជំនួបពិភាក្សានេះ នឹងជួយប្រទេសទាំងពីរបន្តធ្វើកិច្ចសន្ទនាយ៉ាងរលូត សម្រាប់សន្តិសុខនៃប្រជាជាតិទាំងសងខាង ជាពិសេសនោះគឺសម្រាប់ព្រំប្រទល់របស់ពួកយើង»។
គួររំលឹកថាកាលពីខែមករា នៅពេលដែលលោក ត្រាំ បានស្បថឡើងកាន់តំណែងភ្លាមៗនោះ លោក Pena Nieto បានលុបចោលដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន ជាការឆ្លើយតបចំពោះការទទូចជាដដែលរបស់លោកប្រធានាធិបតីអាមេរិក ដែលចង់ឲ្យប្រទេសម៉ិចស៊ីកូ ចេញថ្លៃសម្រាប់ការសាងសង់ជញ្ជាំងព្រំដែន៕