(អាល្លឺម៉ង់)៖ ចាប់តាំងពីតែពីបានស្បថឡើងកាន់តំណែងជាមេដឹកនាំអាមេរិកថ្មីមក ទីបំផុតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិងកំពុងអង្គុយពិភាក្សាទល់មុខគ្នា ជាមួយនិងប្រធានាធីបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅយប់ថ្ងៃសុក្រ ទី០៧ ខែកក្កដា ឆ្នាំ២០១៧។
ជាមួយគ្នានេះដែរ កាលពីដើមសប្តាហ៍នេះ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Rex Tillerson បានបង្ហាញក្តីសង្ឃឹមរបស់លោកថា ប្រធានាធិបតី ដូណាល់ ត្រាំ និងប្រធានាធិបតី វ៉្លាឌីមៀ ពូទីន នឹងមានការផ្លាស់ប្តូរទស្សនៈគ្នា ប្រកបដោយភាពល្អប្រសើរមួយស្តីពីការយល់ឃើញរបស់មេដឹកនាំទាំងពីរ ជុំវិញទំនាក់ទំនងអាមេរិក-រុស្ស៊ី ស្របពេលដែលវិមានក្រឹមឡាំងក៏បានលើកឡើងដែរថា «វានឹងជាឱកាសដ៏ប្រសើរមួយ ក្នុងការស្វែងយល់ចិត្តថ្លើមគ្នា»។
គួរបញ្ជាក់ថា ជំនួបដែលគ្រប់គ្នាបានទន្ទឹមរង់ចាំអស់រយៈពេលជាច្រើនខែកន្លងមកនេះ ត្រូវគេរំពឹងថា នឹងមានរយៈពេល៣០នាទី ដោយអមជាមួយវត្តមានរបស់លោក Rex Tillerson និងរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergey Lavrov៕