(អាល្លឺម៉ង់)៖ បណ្តាមេដឹកនាំនៃប្រទេសធំៗជាច្រើន ដែលត្រូវចូលរួមកិច្ចប្រជុំកំពូល G20 បានជួបប្រទះបញ្ហាឈឺក្បាលជាខ្លាំង និងពុំសូវជាពេញចិត្តប៉ុន្មាននោះឡើយ ជុំវិញស្ថានការណ៍ដ៏តានតឹន នៃការធ្វើបាតុកម្មទ្រង់ទ្រាយធំដ៏កក្រើកនៅឯទីក្រុង Hamburg នៃប្រទេសអាល្លឺម៉ង់ ជាទីដែលអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍អន្តរជាតិនេះ ខណៈក្រុមអ្នកតវ៉ាទាំងអស់នោះបានព្យាយាមបង្កភាពរាំងស្ទះដល់កិច្ចប្រជុំ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានអាល្លឺម៉ង់ នៅយប់ថ្ងៃសុក្រ ទី០៧ ខែកក្កដា ឆ្នាំ២០១៧។
ក្រុមអ្នកតវ៉ាជាច្រើននាក់ បានរួមគ្នាបង្កភាពវឹកវរនៅក្នុងទីក្រុង Hamburg ដើម្បីបង្កើតការំខានក៏ដូចជាបង្កភាពរាំងស្ទះដល់ដំណើរការនៃកិច្ចប្រជុំ G20 ដោយពួកគេបានព្យាយាមចូលទៅក្នុងតំបន់ Red Zone ដែលជាតំបន់ហាមឃាត់មិនឲ្យចេញចូល នៅប៉ុន្មានគីឡូម៉ែត្រពីទីតាំងនៃកិច្ចប្រជុំនេះ។ ក្រុមអ្នកតវ៉ាទាំងនោះ ក៏បានប៉ុនប៉ងទៅបិទដងវិថីធ្វើដំណើរសម្រាប់បណ្តាប្រតិភូអន្តរជាតិ ដែលត្រូវទៅចូលរួមកិច្ចប្រជុំផងដែរ ក៏ប៉ុន្តែត្រូវប៉ូលិសធ្វើសកម្មភាពបង្រ្កាបឲ្យចេញពីទីនោះជាបន្ទាន់វិញ។ តួយ៉ាងដោយសារតែស្ថានការណ៍ដ៏តានតឹននេះ អ្នកនាំពាក្យរបស់ជំទាវទីមួយអាមេរិកលោកស្រី Melania Trump បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកស្រី ពុំអាចទៅចូលរួមក្នុងព្រឹត្តិការណ៍មួយចំនួន ដែលបានគ្រោងទុកជាមួយបណ្តាភរិយានៃមេដឹកនាំ G20 ដទៃៗទៀតនោះឡើយ។
គួរបញ្ជាក់ថា នៅក្នុងក្បួនបាតុកម្មតវ៉ា ដែលក្រុមបាតុករដាក់ឈ្មោះឱ្យថា «ស្វាគមន៍ការមកកាន់ឋាននរក» ឬ Welcome to Hell ក៏បានបង្កជាអំពើហិង្សា ក្រោយក្រុមបាតុករមួយចំនួននំាគ្នា ចោលដុំថ្ម និងដបទៅលើប៉ូលិស ជាហេតុបង្ខំឱ្យប៉ូលិសសម្រេចចិត្តប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹកបំបែកក្រុមបាតុករទាំងនេះ។ មិនតែប៉ុណ្ណោះ ប៉ូលិសបានប៉ាន់ស្មានថា ក្រុមបាតុករប្រមាណ ១០០,០០០នាក់ បានចូលរួមនៅក្នុងបាតុកម្មតវ៉ាប្រឆាំង G20 នៅអំឡុងកិច្ចប្រជុំដែលបាននិងកំពុងប្រព្រឹត្តទៅនៅថ្ងៃសុក្រនេះ។ ម៉្យាងវិញទៀត មន្ត្រីប៉ូលិសរងរបួសបានកើនឡើងដល់១៥៩នាក់ និងមនុស្ស៤៥នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន នៅអំឡុងការប៉ះទង្គិចគ្នាដោយហិង្សានេះ៕