(មីយ៉ាន់ម៉ា)៖ រដ្ឋាភិបាលនៃសហភាពមីយ៉ាន់ម៉ា កំពុងស្វះស្វែងដើម្បីបញ្ចូលវត្ត Shwedagon ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO នៅឆ្នាំ២០២០។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០៧ ខែកក្កដា ឆ្នាំ២០១៧។
វត្ត Shwedagon មានកម្ពស់ ៩៩ម៉ែត្រ ស្ថិតនៅលើកូនភ្នំ Singuttara នៃភាគខាងលិចបឹង Kandawgyi ក្នុងទីក្រុង Yangon គឺជារម្មណីយដ្ឋានប្រវត្តិសាស្ត្រដ៏មានប្រជាប្រិយភាពជាងគេ មួយសម្រាប់ប្រជាជនមីយ៉ាន់ម៉ា និងភ្ញៀវទេសចរបរទេស ដែលមកកម្សាន្តនៅប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
ជាក់ស្ដែងនៅអំឡុង ០៥ខែដំបូង ឆ្នាំ២០១៧ ភ្ញៀវទេសចរបរទេសប្រមាណ ៣០០,០០០នាក់ បានមកកម្សាន្តវត្ត Shwedagon ដែលមានអាយុកាលជាង ២,៥០០ឆ្នាំ។ ជាងនេះទៅទៀត បើគិតក្នុងរយៈពេលមួយឆ្នាំៗ ភ្ញៀវទេសចរបរទេសច្រើនជាង ៥០០,០០០នាក់ មកពីប្រទេស៤០ បានមកកម្សាន្តនៅវត្តមួយនេះ៕