(អាល្លឺម៉ង់)៖ កិច្ចប្រជុំកំពូលនៃបណ្តាប្រទេសសេដ្ឋកិច្ចកំពូល G20 បានចាប់ផ្ដើមជាផ្លូវការហើយនៅថ្ងៃសុក្រនេះ នៅឯទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់ ដើម្បីឱ្យបណ្ដាមេដឹកនាំពិភពលោក ពិភាក្សាគ្នាលើបញ្ហាជាច្រើន ក្នុងនោះមានទំាងសេដ្ឋកិច្ច និងពាណិជ្ជកម្មសកល បម្រែបម្រួលអាកាសធាតុ និងបញ្ហាជនភៀសខ្លួន។ ប៉ុន្តែទន្ទឹមគ្នាក្រុមបាតុកររាប់រយពាន់នៅតែបន្តនាំគ្នាធ្វើបាតុកម្មតវ៉ា ប្រឆាំងនឹងកិច្ចប្រជុំកំពូលនេះ ក៏ដូចជាការមកដល់របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលទើបតែបានសម្រេចចិត្តយកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មានអាល្លឺម៉ង់ DW នៅរសៀលថ្ងៃសុក្រ ទី០៧ ខែកក្កដា ឆ្នាំ២០១៧។
ក្រុមបាតុកររាប់ពាន់នាក់ បាននាំគ្នាដង្ហែតាមដងផ្លូវ ដើម្បីធ្វើបាតុកម្មតវ៉ានៅក្នុងទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់ ហើយនៅក្នុងក្បួនបាតុកម្មតវ៉ាដែលក្រុម បាតុករដាក់ឈ្មោះឱ្យថា «ស្វាគមន៍ការមកកាន់ឋាននរក» ឬ Welcome to Hell ក៏បានបង្កជាអំពើហិង្សាផងដែរ ដោយបណ្ដាលឱ្យប៉ូលិស ១១១នាក់រងរបួស។ ការប៉ះទង្គិចគ្នារវាងប៉ូលិសអាល្លឺម៉ង់ និងក្រុមបាតុករប្រឆាំងនឹងកិច្ចប្រជុំ G20 បានផ្ទុះឡើង បន្ទាប់ពីក្រុមបាតុករមួយចំនួននំាគ្នាចោលដុំថ្ម និងដបទៅលើប៉ូលិស ជាហេតុបង្ខំឱ្យប៉ូលិសសម្រេចចិត្តប្រើប្រាស់ឧស្ម័ន បង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹកបំបែកក្រុមបាតុករទាំងនេះ។
មិនតែប៉ុណ្ណោះនៅក្នុងអំពើហិង្សានេះ បាតុករជាច្រើននាក់បានរងរបួស និងអ្នកខ្លះទៀតត្រូវបានប៉ូលិសចាប់ខ្លួនខណៈប៉ូលិសបានប៉ាន់ស្មានថា ក្រុមបាតុករប្រមាណ ១០០,០០០នាក់ អាចនឹងចូលរួមជាថ្មីនៅក្នុងបាតុកម្មតវ៉ាប្រឆាំង G20 នៅអំឡុងកិច្ចប្រជុំដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ និងថ្ងៃសៅរ៍ស្អែកនេះ។
គួរបញ្ជាក់ថា អាជ្ញាធរអាល្លឺម៉ង់បានដាក់ពង្រាយប៉ូលិស ២០,០០០នាក់ នៅតាមទីក្រុងកំពង់ផែធំៗ និងទីក្រុង Hamburg ដើម្បីទប់ស្កាត់សកម្មភាពវាយប្រហារភេរវកម្ម ស្របពេលចរន្តប្រឆាំងនឹង G20 កំពុងមានការកើនឡើងយ៉ាងគំហុក៕