(ម៉ានីល)៖ មនុស្សស្លាប់ដោយសារគ្រោះរញ្ជួយផែនដីកម្រិត ៦.៥រ៉ិចទ័រ ដែលបានអង្រួនដែនដីកោះភាគកណ្តាល នៃប្រទេសហ្វីលីពីនកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ មានចំនួន០២នាក់ ខណៈ៧២នាក់ផ្សេងទៀតរងរបួសធ្ងន់ និងស្រាល។ នេះបើតាមប្រភពពីទីភ្នាក់ងារគ្រោះមហន្តរាយ របស់រដ្ឋាភិបាលហ្វីលីពីនដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០៧ ខែកក្កដា ឆ្នាំ២០១៧។
ក្រុមប្រឹក្សាគ្រប់គ្រង និងកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយជាតិ (NDRMMC) របស់ហ្វីលីពីនបានបញ្ជាក់ទៀតថា មនុស្សយ៉ាងតិច ៧២នាក់ បានទទួលរបួស ក៏ប៉ុន្តែពុំមានជនរងគ្រោះណាត្រូវគេរាយការណ៍ថា បានបាត់ខ្លួនថែមទៀតនោះឡើយ។ ដោយឡែកសម្រាប់មនុស្សទាំងពីរនាក់ ដែលបានស្លាប់ដោយសារគ្រោះធម្មជាតិនេះវិញ មានម្នាក់បានបាត់បង់ជីវិតនៅក្នុងអគារ ដែលបានស្រុតមួយកន្លែងនៅក្នុងក្រុង Kananga និងម្នាក់ទៀតត្រូវគេរាយការណ៍ថា បានបាត់បង់ជីវិតនៅក្នុងគ្រោះរអិលបាក់ដីនៅក្រុង Ormoc ដែលស្ថិតនៅក្នុងខេត្ត Leyte ភាគកណ្តាលហ្វីលីពីនដូចគ្នា។
ចំណែកឯមនុស្សចំនួន ០៦នាក់ ដែលបានជាប់ខ្លួននៅក្នុងអគារកម្ពស់ពីរជាន់មួយកន្លែង ដែលបានបាក់ស្រុតនៅក្នុងក្រុង Kananga នោះត្រូវបានជួយសង្រ្គោះដោយជោគជ័យហើយ បើតាមការឲ្យដឹងពីអភិបាលក្រុង លោក Rowena Codilla។ វិទ្យាសា្ថនសិក្សាស្រាវជ្រាវភ្នំភ្លើង និងគ្រោះរញ្ជួយដីនៃប្រទេសហ្វីលីពីន បានបញ្ជាក់ថា គ្រោះធម្មជាតិ ដែលបានកើតឡើងនៅចម្ងាយ ០៨គីឡូម៉ែត្រភាគនិរតីនៃទីក្រុង Jaro កាលពីវេលាម៉ោង ៤៖០៣នាទីល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ មានជម្រៅពីរគីឡូម៉ែត្រ។
វិទ្យសា្ថនដដែលបានបន្តថា គ្រោះរញ្ជួយដីនេះក៏បានជះឥទ្ធិពលដល់ខេត្តជិតខាងនៅភាគកណ្តាលហ្វីលីពីន រួមមានខេត្ត Negros Occidental ខេត្ត Surigao del Norte និងក្រុង Cebu។ សម្រាប់តំបន់ដែលបានទទួលរងផលប៉ះពាល់ភាគច្រើន នៅតែពុំមានចរន្តអគ្គិសនីប្រើប្រាស់ដដែលនៅឡើយទេ។ ម៉្យាងវិញទៀតបណ្តាសាលារៀននៅទូទាំងខេត្ត Leyte ក៏ត្រូវបានឈប់សម្រាកផងដែរ ដើម្បីទុកពេលឲ្យក្រុមវិស្វករជំនាញ ត្រួតពិនិត្យមើលអគាររបស់សាលាទាំងអស់នោះឡើងវិញ។ ជាមួយគ្នានេះ គ្រប់ជើងហោះហើរទាំងអស់នៅក្នុងខេត្ត ដ៏ត្រូវបានផ្អាកដំណើរការជាបណ្តោះអាសន្នថែមទៀតផង ដោយសារផ្លូវហោះហើរបានរងការខូចខាត ក្រោយគ្រោះរញ្ជួយផែនដី៕