(បរទេស)៖ ដើម្បីអបអរគម្រប់ខួបនៃទិវាអាចម៍ផ្កាយ Asteroid Day កាលពីសប្តាហ៍មុននាថ្ងៃទី៣០ ខែមិថុនា អង្គការ NASA បានបញ្ចេញឃ្លីបវីដេអូចំនួនបី ដែលពិពណ៌នាអំពីកិច្ចប្រឹងប្រែង នៃការតាមស្វែងរកអាចម៍ផ្កាយទាំងឡាយណា ដែលមានសក្តានុពលអាចបង្កគ្រោះថ្នាក់ដល់ភពផែនដី។ នេះបើតាមការចេញផ្សាយដោយវែបសាយវិទ្យាសាស្រ្ត Space.com នៅរសៀលថ្ងៃសុក្រ ទី០៧ ខែកក្កដា ឆ្នាំ២០១៧។
លោក Eric Christensen ដែលជាតារាវិទូមកពីសាកលវិទ្យាល័យ Arizona បានលើកឡើងនៅក្នុងវីដេអូមួយ ក្នុងចំណោមវីដេអូទាំងបីឃ្លីបថា «គោលដៅនៃកិច្ចខំប្រឹងប្រែងទាំងនេះ គឺដើម្បីតាមរុករកអាចម៍ផ្កាយ ដែលស្ថិតក្បែរផែនដី ឲ្យបានមុនពួកវាស្វែងរកឃើញពួកយើង»។ អង្គការ NASA បានឲ្យដឹងថា ខណៈអាចម៍ផ្កាយភាគច្រើន មានវត្តមាននៅក្នុងនិងជុំវិញខ្សែក្រវាត់អាចម៍ផ្កាយ ដែលស្ថិតនៅចន្លោះភពអង្គារ (Mars) និងភពព្រហស្បតិ៍ (Jupiter) អាចម៍ផ្កាយខ្លះស្ថិតនៅកៀកនឹងភពរបស់យើងនេះឯង។
ប្រភេទអាចម៍ផ្កាយទាំងនោះ ដែលត្រូវគេហៅថា NEA ធ្វើដំណើរនៅក្នុងរយៈចម្ងាយ ១.៣ដង នៃចម្ងាយពីផែនដីទៅកាន់ព្រះអាទិត្យ។ គិតមកទល់ពាក់កណ្តាលឆ្នាំ២០១៧នេះ NEA ជាង ១៦,០០០ដុំហើយ ត្រូវបានគេរកឃើញ។ បូករួមជាមួយផ្កាយដុះកន្ទុយ ដែលហោះឆ្លងកាត់ក្បែរផែនដី វត្ថុអវកាសទាំងអស់នេះ ត្រូវបានអ្នកវិទ្យាសាស្រ្តចាត់ថា្នក់ ជាវត្ថុអវកាសក្បែរផែនដី ឬ NEO។
គួរបញ្ជាក់ថា តារាវិទូជនជាតិអ៊ីតាលី លោក Gioacchino Piazzi បានប្រទះឃើញអាចម៍ផ្កាយដំបូងគេមានឈ្មោះថា Ceres កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ១៨០១។ ហើយជាងកន្លះទសវត្សរ៍ក្រោយមក មានអាចម៍ផ្កាយចំនួនត្រឹមតែ ១៤ដុំប៉ុណ្ណោះ ត្រូវបានរកឃើញ ក៏ប៉ុន្តែការរីកចម្រើននៃឧបករណ៍ផ្នែកតារាសាស្រ្ត បានជួយបង្កើនសង្វាក់នៃប្រតិបត្តិការតាមប្រមាញ់រកពួកវា។ មកទល់បច្ចុប្បន្ន ក្រុមតារាវិទូបានរកឃើញដុំថ្មអវកាស មិនតិចជាងកន្លះលានដុំនោះឡើយ ដោយជាមធ្យមក្នុងមួយយប់ៗ អាចម៍ផ្កាយ០៥ដុំត្រូវបានប្រទះឃើញ៕