(ប៊ែរឡាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងលោកស្រីជំទាវទី១ ប៉េង លីយ័ន (Peng Liyuan) រួមទាំងអធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែឡា មឺគែល នៅថ្ងៃពុធសប្ដាហ៍នេះ បានចូលរួមទស្សនាដោយផ្ទាល់ ការប្រកួតបាល់ទាត់រវាងក្រុមយុវជនចិន និងអាល្លឺម៉ង់នៅកីឡដ្ឋាន Olympiastadion Berlin សំដៅជំរុញឱ្យកីឡាករយុវជននៃប្រទេសទាំងពីរបង្កើនមិត្តភាព ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០៧ ខែកក្កដា ឆ្នាំ២០១៧។
ថ្លែងនាឱកាសនោះដែរ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានគូសបញ្ជាក់យ៉ាងដូច្នេះថា «អ្នក (យុវជនចិន និងអាល្លឺម៉ង់) គឺជាអនាគតនៃបាល់ទាត់របស់ចិន និងអាល្លឺម៉ង់... ហើយខ្ញុំសង្ឃឹមថា អ្នកអាចអភិវឌ្ឍន៍ខ្លួនឯង និងរៀនសូត្រពីគ្នាទៅវិញទៅមក ព្រមទំាងរក្សាមិត្តភាពរវាងគ្នា»។ បន្ថែមពីលើនេះ ប្រធានាធិបតីចិនបានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការផ្នែកវិស័យបាល់ទាត់ ជាមួយប្រទេសអាល្លឺម៉ង់ផងដែរ។
គួរបញ្ជាក់ថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានធ្វើដំណើរទៅដល់ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃអង្គារ ក្រោយបញ្ចប់ទស្សនកិច្ចនៅរុស្ស៊ី នៅមុនចូលរួមកិច្ចប្រជុំ G20 នៅក្នុងទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់ នៅថ្ងៃសុក្រនេះ៕