(ប៉េកាំង)៖ មនុស្សសរុបចំនួន ៤៤នាក់កំពុងបន្តបាត់ខ្លួន ឬអាចបាត់បង់ជីវិតក៏ថាបាន បន្ទាប់ពីគ្រោះទឹកជំនន់ដ៏អាក្រក់បានវាយប្រហារលើខេត្ត Hunan ភាគកណ្តាលប្រទេសចិន។ នេះបើតាមការឲ្យដឹងទីស្នាក់ការបង្ការគ្រោះទឹកជំនន់ក្នុងតំបន់រងគ្រោះ ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែកក្កដា ឆ្នាំ២០១៧។
ទឹកភ្លៀងដែលបានបន្តធ្លាក់យ៉ាងខ្លាំងក្លានៅក្នុងស្រុក Ningxiang នៃខេត្ត Hunan ចាប់តាំងពីថ្ងៃទី២២ ខែកក្កដាមកនោះ បានបណ្តាលឲ្យតំបន់នេះ ទទួលរងគ្រោះមហន្តរាយធម្មជាតិដ៏សែនអាក្រក់បំផុត មិនធ្លាប់មានក្នុងអំឡុងរយៈពេល ៦០ឆ្នាំកន្លងទៅនេះ ខណៈមនុស្សសរុបចំនួន ៤៤នាក់បានស្លាប់ ឬមួយក៏បាត់ខ្លួន។ ជាងនេះទៅទៀត ទីស្នាក់ការដដែលបានបញ្ជាក់ថា មនុស្សប្រហែល៨១៥,០០០នាក់ ឬស្មើនឹង ៥៦ភាគរយនៃចំនួនប្រជាជនសរុបនៅក្នុងស្រុក Ningxiang បានបាត់បង់លំនៅឋានរួមជាមួយទ្រព្យសម្បត្តិផ្សេងៗទៀតរបស់ពួកគេ ដោយសារតែគ្រោះទឹកជំនន់នេះ។
ដោយឡែកនៅក្នុងតំបន់ស្វយ័ត Guangxi Zhuang ភាគខាងត្បូងប្រទេសចិនវិញ គ្រោះទឹកជំនន់បានបណ្តាលឲ្យមនុស្ស ២០នាក់ស្លាប់ និង ១៤នាក់បាត់ខ្លួន ហើយផ្ទះសម្បែងប្រមាណ ២០,០០០ខ្នងបានដួលរំលំខ្ទេចខ្ទីរ ឬរងការខូចខាតយ៉ាងដំណំ៕