(ពិភពលោក)៖ កិច្ចប្រជុំ G20 ឆ្នាំ២០១៧នេះ ប្រព្រឹត្តទៅនៅថ្ងៃទី០៧ដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងទីក្រុង Hamburg ភាគខាងជើង នៃប្រទេសអាឡឺម៉ង់។ ខាងក្រោមនេះជាព័ត៌មានលម្អិតពាក់ព័ន្ធនឹងកិច្ចប្រជុំ G20៖
* អង្គការ G20 ជាវេទិកាអន្តរជាតិ សម្រាប់ថ្នាក់ដឹកនាំរដ្ឋាភិបាល និងប្រធានធនាគារកណ្តាលរបស់បណ្តាប្រទេសនាំមុខ ផ្នែកសេដ្ឋកិច្ចទាំង ២០លើពិភពលោក ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩។ សេដ្ឋកិច្ចសរុបនៃប្រទេសជាសមាជិករបស់ G20 ទាំងអស់តំណាងរហូតដល់ ៨៥ភាគរយនៃផលិតដុលរបស់ពិភពលោកទាំងមូល និងតំណាង ៨០ភាគរយនៃពាណិជ្ចកម្មពិភពលោក ព្រមទាំងតំណាង ២ភាគ៣នៃប្រជាជនសរុបទូទាំងពិភពលោក។
* អង្គការ G20 មានគោលដៅធ្វើកិច្ចពិភាក្សាអំពីបញ្ហាគោលនយោបាយ ដើម្បីជម្រុញស្ថិរភាពហិរញ្ញវត្ថុអន្តរជាតិ។ អង្គការ G20 មានសមាជិកចំនួន ១៩ប្រទេស និងសហភាពអឺរ៉ុប ដោយសហភាពអឺរ៉ុប ត្រូវបានតំណាងដោយ ប្រធានគណកម្មាធិការអឺរ៉ុប និងប្រធានធនាគារកណ្តាលអឺរ៉ុប។ ចាប់តាំងពីការចាប់ផ្តើម គោលនយោបាយជ្រើសរើសសមាជិកភាពរបស់ G20 ត្រូវបានទទួលរងការរិះគន់យ៉ាងខ្លាំង ពីសំណាក់បញ្ញាជន។ អង្គការនេះក៏ត្រូវទទួលការប្រឆាំងពីសំណាក់ក្រុមប្រឆាំងសកលនិយម ជាតិនិយម និងក្រុមមួយចំនួនផ្សេងៗទៀតផងដែរ។
* ប្រវត្តិនៃការបង្កើតអង្គការ G20៖
អង្គការ G20 ជាអង្គការដែលត្រូវបានបង្កើតឡើងក្រោយសង្គ្រាមលោកលើកទីពីរ ដែលមានគោលដៅធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិ លើគោលនយោបាយសេដ្ឋកិច្ច។ ការត្រៀមបង្កើតអង្គការ G20 នេះត្រូវបានបង្ហាញសញ្ញាតាំងពីសម័យកិច្ចប្រជុំG7 ក្នុងខែមិថុនា ឆ្នាំ១៩៩៩មកម្ល៉េះ ហើយអង្គការ G20 ត្រូវបានបង្កើតឡើងយ៉ាងពិតប្រាកដ ក្នុងកិច្ចប្រជុំកំពូលថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ G7 នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ១៩៩៩ ព្រមទាំងបានរៀបចំកិច្ចប្រជុំបើកសម្ពោធអង្គការនេះ ជាផ្លូវការនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ១៩៩៩ក្នុងទីក្រុង ប៊ែកឡាំង។
ក្នុងពេលនោះរដ្ឋមន្ត្រីហិរញ្ញវត្ថុកាណាដា លោក Paul Martin ត្រូវបានជ្រើសរើសធ្វើជាប្រធានទីមួយ ចំណែករដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់លោក Hans Eichel ត្រូវបានធ្វើជាម្ចាស់ផ្ទះដើម្បីរៀបចំកិច្ចប្រជុំនេះ។
វិទ្យាស្ថានស្រាវជ្រាវ Brookings Institution បានប្រកាសថា ប្រទេសក្រុម G20 ត្រូវបានបង្កើតឡើងដំបូងក្រោមគំនិតផ្តួចផ្តើមរបស់លោក Eichel ស្របពេលដែលពេលនោះ លោកកំពុងធ្វើជាប្រធាននៃអង្គការ G7។ ប៉ុន្តែប្រភពពីប្រទេសកាណាដា បានចាត់ទុក G20 នេះថាជាស្នាដៃបង្កើតឡើងរួមគ្នារវាងអាល្លឺម៉ង់ និងសហរដ្ឋអាមេរិក។
ចំពោះចំនួននៃសមាជិកភាពនៃអង្គការនេះ ត្រូវបានសម្រេចឡើងដោយលោក Caio Koch-Weser ជំនួយការរបស់លោក Eichel រួមជាមួយនឹងលោក Timothy Geithner ជំនួយការរបស់លោក Larry Summer រដ្ឋមន្ត្រីរតនាគារសហរដ្ឋអាមេរិក។
* ដំណើរការ៖
អង្គការ G20 ប្រតិបត្តិការដោយគ្មានបុគ្គលិកអចិន្ត្រៃយ៍ឡើយ។ ប្រធានរបស់ G20 ត្រូវផ្លាស់ប្តូរជារៀងរាល់ឆ្នាំ ក្នុងចំណោមប្រទេសជាសមាជិកទាំងអស់។ ប្រធានដែលត្រូវបានជ្រើសរើស ត្រូវរៀបចំក្រុមបុគ្គលិកបណ្តោះអាសន្នសម្រាប់បំពេញការងារ ក្នុងអំឡុងពេលអាណត្តិរបស់ខ្លួនតែម្តង ដើម្បីធ្វើការសម្របសម្រួលការងារ និងរៀបចំកិច្ចប្រជុំ។ សូមជម្រាបថា ប្រធាននៃកិច្ចប្រជុំ G20 នៅក្នុងឆ្នាំនេះគឺប្រទេសអាឡឺម៉ង់ ដែលត្រូវបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនៅទីក្រុង Hamburg។
* ការបង្កើតបុគ្គលិកអចិន្ត្រៃយ៍៖
ក្នុងឆ្នាំ២០១០ ប្រធានាធិបតីបារាំង លោក Nicolas Sarkozy បានស្នើក្នុងការបង្កើតបុគ្គលិកអចិន្ត្រៃយ៍របស់G20 ដែលមានលក្ខណៈស្រដៀងគ្នា នឹងអង្គការសហប្រជាជាតិ។ រដ្ឋាភិបាលក្រុងសេអ៊ូល និងប៉ារីស បានស្នើផ្តល់ទីតាំងសម្រាប់ធ្វើការិយាល័យ។ សំណើរនេះត្រូវគាំទ្រដោយប្រទេស ប្រេស៊ីល និងចិនប៉ុន្តែត្រូវបានបដិសេធដោយប្រទេសអ៊ីតាលី និងជប៉ុន។
* បណ្តាប្រទេសជាសមាជិក៖
ក្នុងកិច្ចប្រជុំឆ្នាំ២០១៧នេះ នឹងមានការចូលរួមពីតំណាងទាំង ២០ប្រទេស។ ក្នុងនោះរួមទាំងថ្នាក់ដឹកនាំកិច្ចប្រជុំកំពូល មេដឹកនាំប្រទេសទាំង១៩ និងប្រទេសរុស្ស៊ី រដ្ឋមន្ត្រីហិរញ្ញវត្ថុ ថ្នាក់ដឹកនាំធនាគារកណ្តាលនៃប្រទេសទាំង ១៩ និងសហភាពអឺរ៉ុប។ បន្ថែមពីនេះជារៀងរាល់ឆ្នាំ ភ្ញៀវកិត្តិយសដែលនឹងចូលរួមក្នុងកិច្ចប្រជុំ G20 នេះមានដូចជា ប្រទេសអេស្ប៉ាញ មេដឹកនាំអាស៊ាន ប្រធានសហភាពអាហ្វ្រិក តំណាងដៃគូថ្មីដើម្បីការអភិវឌ្ឍអាហ្វ្រិក និងបណ្តាប្រទេសផ្សេងៗមួយចំនួនទៀត ដែលត្រូវបានអញ្ជើញដោយប្រធាន G20 ដែលជាទូទៅស្ថិតក្នុងតំបន់ផ្ទាល់តែម្តង។
* ប្រទេសដែលនឹងចូលរួម៖
១៖ អាហ្សង់ទីន
២៖ អូស្ត្រាលី
៣៖ ប្រេហ្ស៊ីល
៤៖ កាណាដា
៥៖ ចិន
៦៖ បារាំង
៧៖ អាឡឺម៉ង់
៨៖ ឥណ្ឌា
៩៖ ឥណ្ឌូណេស៊ី
១០៖ អ៊ីតាលី
១១៖ ជប៉ុន
១២៖ ម៉ិចស៊ីកូ
១៣៖ រុស្ស៊ី
១៤៖ អារ៉ាប៊ីសាអូឌីត
១៥៖ អាហ្វ្រិកខាងត្បូង
១៦៖ កូរ៉េខាងត្បូង
១៧៖ តួកគី
១៨៖ ចក្រភពអង់គ្លេស
១៩៖ សហរដ្ឋអាមេរិក
២០៖ សហភាពអឺរ៉ុប
* ភ្ញៀវដែលត្រូវបានអញ្ជើញ៖
១៖ ហ្គីណេ
២៖ ហូឡង់
៣៖ ណ័រវេ
៤៖ សេណេហ្កាល់
៥៖ សិង្ហបុរី
៦៖ អេស្ប៉ាញ
៧៖ វៀតណាម
* អង្គការអន្តរជាតិ៖
១៖ អង្គការធនាគារពិភពលោក
២៖ អង្គការមូលនីធិហិរញ្ញវត្ថុអន្តរជាតិ
៣៖ អង្គការក្រុមប្រឹក្សាស្ថិរភាពហិរញ្ញវត្ថុ
៤៖ អង្គការសហប្រជាជាតិ
៥៖ អង្គការកសិកម្ម និងស្បៀងអាហារ
៦៖ អង្គការពលកម្មពិភពលោក
៧៖ អង្គការពាណិជ្ជកម្មពិភពលោក
៨៖ អង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
៩៖ អង្គការសុខភាពពិភពលោក
* របៀបវីរៈនៃកិច្ចប្រជុំឆ្នាំ២០១៧៖
ខុសប្លែកពីរាល់ឆ្នាំ ដែលកិច្ចប្រជុំ G20 តែងតែផ្តោតទៅលើកំណើនសេដ្ឋកិច្ចពិភពលោក ពាណិជ្ជកម្មអន្តរជាតិ និងទីផ្សារហិរញ្ញវត្ថុនោះ កិច្ចប្រជុំ G20 ក្នុងទីក្រុង Hamburg ឆ្នាំ២០១៧នេះ នឹងផ្តោតទៅលើបញ្ហាសំខាន់ៗរបស់ពិភពលោក ក្នុងពេលបច្ចុប្បន្នដែលក្នុងនោះមានដូចជា៖
១៖ ជម្រុញកំណើនសេដ្ឋកិច្ច
២៖ ដាក់ចេញនូវរបៀបវារៈឆ្នាំ២០៣០ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព
៣៖ សិទ្ធិស្ត្រី និងជម្រុញសេដ្ឋកិច្ច
៤៖ វិបត្តិជនភៀសខ្លួន និងជនអន្តោប្រវេសន៍មកអឺរ៉ុប
៥៖ ការទប់ទល់ភេវរកម្ម និងសន្តិសុខជាតិ
បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា
https://en.wikipedia.org/wiki/2017_G20_Hamburg_summit#Expected_participants
https://en.wikipedia.org/wiki/G20#Organisation