(អាល្លឺម៉ង់)៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានធ្វើដំណើរទៅដល់ទីក្រុង Hamburg ភាគខាងជើងអាល្លឺម៉ង់ហើយនាព្រឹកថ្ងៃសុក្រនេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20 ដែលប្រមូលផ្តុំទៅដោយបណ្តាមេដឹកនាំប្រទេស មានសេដ្ឋកិច្ចរីកចម្រើនជាងគេបំផុតនៅក្នុងពិភពលោក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែកក្កដា ឆ្នាំ២០១៧។
លោក ពូទីន ត្រូវគេរំពឹងថា នឹងចូលរួមក្នុងវេទិកាពិភាក្សាមួយចំនួន ស្តីពីបញ្ហានានាលើលោក ហើយនឹងជួបពិភាក្សាទ្វេភាគីនៅក្នុងជំនួបក្រៅផ្លូវការ នៃកិច្ចប្រជុំអន្តរជាតិរយៈពេលពីរថ្ងៃនេះ ជាមួយមេដឹកនាំបារាំង អាល្លឺម៉ង់ តួកគី ជប៉ុន អូស្រ្តាលី និងជាពិសេសនោះ គឺមេដឹកនាំសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលមនុស្សភាគច្រើនបានទន្ទឹងរង់ចាំ អស់រយៈពេលជាច្រើនខែមកហើយ សម្រាប់ជំនួបនេះ។
ម៉្យាងវិញទៀតកិច្ចពិភាក្សារវាង លោក វ៉្លាឌីមៀ ពូទីន និងលោក ដូណាល់ ត្រាំ នឹងជាជំនួបទល់មុខគ្នាលើកដំបូងបំផុត បន្ទាប់អតីតមហាសេដ្ឋីអចលនទ្រព្យរបស់សហរដ្ឋអាមេរិក បានស្បថឡើងកាន់តំណែងជាផ្លូវការ កាលពីខែមករាដើមឆ្នាំ២០១៧នេះ។ ជាមួយគ្នានេះដែរថ្លែងនៅមុនកិច្ចប្រជុំ G20 រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Rex Tillerson បានបង្ហាញក្តីសង្ឃឹមរបស់លោកថា ប្រធានាធិបតី ដូណាល់ ត្រាំ និងប្រធានាធិបតី វ៉្លាឌីមៀ ពូទីន នឹងមានការផ្លាស់ប្តូរទស្សនៈគ្នា ប្រកបដោយភាពល្អប្រសើរមួយ ស្តីពីការយល់ឃើញរបស់មេដឹកនាំទាំងពីរ ជុំវិញទំនាក់ទំនងអាមេរិក-រុស្ស៊ី។ រីឯវិមានក្រឹមឡាំងក៏បានលើកឡើងដែរថា «វានឹងជាឱកាសដ៏ប្រសើរមួយ ក្នុងការស្វែងយល់ចិត្តថ្លើមគ្នា»។
គួរបញ្ជាក់ថា នៅក្នុងជំនួបនេះត្រូវគេរាយការណ៍ថា នឹងមានរយៈពេល៣០នាទី ហើយ លោក Rex Tillerson និងរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergey Lavrov ក៏ត្រូវគេរំពឹងថា នឹងមានវត្តមាននៅក្នុងបន្ទប់ពិភាក្សាជាមួយ លោក ត្រាំ និងលោក ពូទីន ផងដែរ៕