(សេអ៊ូល)៖ សារព័ត៌មានរដ្ឋកូរ៉េខាងជើង បានចេញផ្សាយនៅព្រហស្បតិ៍សប្តាហ៍នេះ ដោយធ្វើការវាយប្រហារ និងថ្កោលទោសចំពោះប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលនៅតែបន្តធ្វើសមយុទ្ធយោធា-មីស៊ីល បន្ទាប់ពីកូរ៉េខាងជើងទើបតែបាញ់សាកល្បងដោយជោគជ័យ នូវគ្រាប់មីស៊ីលអន្តរទ្វីប ICBM ហើយទីក្រុងព្យុងយ៉ាងក៏បានអួតអាងខ្លាំងលើសមុនទៀតថា «ការបំផ្លាញកូរ៉េខាងត្បូង វាមិនខុសអ្វីនឹងការបំផ្លាញនំមួយដុំ» នោះទេ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នាព្រឹកថ្ងៃសុក្រ ទី០៧ ខែកក្កដា ឆ្នាំ២០១៧។
កាលពីដើមសប្តាហ៍នេះ ប្រទេសកូរ៉េខាងជើងបានអះអាងថា ខ្លួនបានបាញ់សាកល្បងដោយជោគជ័យនូវគ្រាប់មីស៊ីល Hwasing-14 ICBM ដែលមានសមត្ថភាពផ្លោងចំបេះដូង នៃសហរដ្ឋអាមេរិក ជាមួយនឹងការបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។ ការអួតអាងបែបនេះ ក៏បានទទួលនូវការឆ្លើយតបវិញដែរ ពីសំណាក់បណ្តាញសង្គម Twitter របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោយបានបង្ហោះសារថា ការអភិវឌ្ឍមីស៊ីល ដូចដែលកូរ៉េខាងជើងបានអះអាងនោះ «គឺជារឿងដែលមិនអាចកើតឡើង»។
គួរបញ្ជាក់ថា កូរ៉េខាងជើងនៅថ្ងៃពុធសប្តាហ៍នេះបានអះអាងថា មីស៊ីលផ្លោងឆ្លងទ្វីប ICBM ដែលខ្លួនបានបាញ់សាកល្បង គឺមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ និងថែមទំាងបានចំអកដែរថា ជោគជ័យនៃការធ្វើតេស្ដនេះ គឺជាកាដូកែអផ្សុកផ្ញើជូនទីក្រុងវ៉ាស៊ីនតោន នាឱកាសបុណ្យឯករាជ្យជាតិអាមេរិក កាលពីថ្ងៃទី០៤ ខែកក្កដា។ គ្រាប់មីស៊ីលនេះត្រូវបានធ្វើតេស្ដ នៅម៉ោងប្រមាណ ៩៖៤០នាទីព្រឹកថ្ងៃអង្គារសប្តាហ៍នេះចេញពីតំបន់ Panghyon នៃខេត្ត Pyongan ខាងជើង ហើយវាអាចរត់បានចំងាយ ៩៣៣គីឡូម៉ែត្រ ព្រមទាំងអាចហោះបានរយៈកម្ពស់ដល់ទៅ ២,៨០២គីឡូម៉ែត្រ ក្នុងរយៈពេល ៣៩នាទី មុននឹងធ្លាក់ចូលសមុទ្រខាងកើត ឬសមុទ្រជប៉ុន៕