នាវាដឹកយន្តហោះចម្បាំងចិន «មកដល់ទីក្រុងហុងកុងជាលើកដំបូង» បន្ទាប់ពីបញ្ចប់ពិធីគំរប់ខួប ២០ឆ្នាំ នៃការទទួលបានឯករាជ្យពីអង់គ្លេស!
07-07-2017 10:00
(ហុងកុង)៖ នាវាផ្ទុកយន្តហោះចម្បាំងចិន Liaoning បានធ្វើដំណើរមកដល់ទីក្រុងហុងកុងហើយ សម្រាប់ដំណើរទស្សនកិច្ចជាលើកដំបូង ដើម្បីបង្ហាញពីកម្លាំងយោធានៅថ្ងៃសុក្រនេះ ហើយវាបានកើតឡើងតែជាងមួយសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង មកកាន់តំបន់សេដ្ឋកិច្ចពិសេសរបស់ចិនមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែកក្កដា ឆ្នាំ២០១៧។
យោងតាមក្រុមមន្ត្រីចិន នាវាចម្បាំងចិន Liaoning មានប្រវែង ៣០៥ម៉ែត្រ ដែលនាវាកែច្នៃពីនាវាបន្សល់ទុកពីអតីតសហភាពសូវៀត បានមកដល់ទីក្រុងហុងកុងនៅម៉ោង ៧៖៣០នាទីព្រឹក (ម៉ោងនៅក្នុងតំបន់)។ ជាងនេះទៅទៀត ក្រសួងការពារជាតិចិនក៏បានបញ្ជាក់ដែរថា ការមកដល់របស់នាវាចម្បាំង Liaoning ដែលយកឈ្មោះតាមខេត្ត Liaoning នៃភាគឦសានប្រទេសចិនគឺជា ផ្នែកមួយនៃការបំពេញបេសកកម្មជាទម្លាប់ធម្មតាប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាក៏ដោយ បេសកកម្មនេះធ្វើឡើងនៅចំពេលសហរដ្ឋអាមេរិក បញ្ជូននាវាពិឃាតទៅកាន់តំបន់ជម្លោះសមុទ្រចិនខាងត្បូង និងក្រោយពេលទីក្រុងវ៉ាស៊ីនតោន បានព្រមានប្រើកម្លំាងយោធាប្រឆាំងកូរ៉េខាងជើង ដែលបានសាកល្បងមីស៊ីលផ្លោងឆ្លងទ្វីប ICBM កាលពីប៉ុន្មានថ្ងៃមុននេះ។
គួរបញ្ជាក់ដែរថា នៅអំឡុងទស្សនកិច្ចអបអរសាទរខួបលើកទី២០ ដែលអង់គ្លេសប្រគល់ហុងកុងមកឱ្យចិនវិញ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានព្រមានត្រង់ៗ ចំពោះការទាមទារឯករាជ្យ ឬការផ្ដាច់ខ្លួនពីចិន ដោយអះអាងទៀតថា ទីក្រុងប៉េកាំងនឹងមិនអត់ឱន ហើយក៏មិនបណ្តោយឱ្យរឿងបែបនេះកើតឡើងជាដាច់ខាត៕