(សេអ៊ូល)៖ ក្រុមហ៊ុនផលិតស្មាតហ្វូន និងគ្រឿងអេឡិចត្រូនិកលំដាប់លេខ១លើពិភពលោក Samsung បានបង្ហាញពីផលចំណេញដ៏ខ្ពស់បំផុតក្នុងកំណត់ត្រាថ្មីមួយរបស់ខ្លួន ប្រចាំត្រីមាសទីពីរនៃឆ្នាំ២០១៧នេះ ដែលជាផលចំណេញលើសពីរយៈពេលដូចគ្នាកាលពីឆ្នាំមុន រហូតដល់ទៅជិតពីរដងឯណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃសុក្រ ទី០៧ ខែកក្កដា ឆ្នាំ២០១៧។
ទិន្នន័យជាបឋមដែលត្រូវបានបង្ហាញគឺ ផលចំណេញពីប្រតិបត្តិការលក់របស់ Samsung គឺទទួលបាន ១៤ពាន់ពាន់លានវ៉ុន ស្មើនឹង ១២.១ពាន់លានដុល្លារអាមេរិក ចាប់ពីខែមេសាដល់ខែមិថុនាកន្លងទៅនេះ ដែលបានកើនឡើង ៧២ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៦។ ក្រុមហ៊ុនយក្សនេះ ធ្លាប់ទទួលបានផលចំណេញក្នុងកំណត់ត្រាខ្ពស់បំផុត កាលពីត្រីមាសទីបីនៃឆ្នាំ២០១៣ ដោយកាលណោះមានចំនួនតែ ១០.១៦ពាន់ពាន់លានវ៉ុនប៉ុណ្ណោះ។
គួរបញ្ជាក់ថា ប្រាក់ចំណូលរបស់ Samsung ក៏បានកើនឡើងដល់ ៦០ពាន់ពាន់លានវ៉ុនផងដែរ គិតត្រឹមត្រីមាសទីពីរនៃឆ្នាំ២០១៧នេះ ហើយវាលើសពីរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែល Samsung រកចំណូលបាន ៥០.៩៤ពាន់ពាន់លានវ៉ុន។ ក្រុមហ៊ុន Samsung បាន និងកំពុងទទួលជោគជ័យធំធេងបន្ទាប់ពីការចេញលក់ Galaxy S8 និង S8+ ដែលប្រកបដោយបច្ចេកវិទ្យាទំនើបដាច់គេ និងទទួលបានការបញ្ជាទិញពីអតិថិជនយ៉ាងច្រើនលើសការរំពឹងទុកទៅទៀត នៅទូទាំងពិភពលោក៕