(អាល្លឺម៉ង់)៖ ក្រុមបាតុកររាប់ពាន់នាក់បាននាំគ្នាដង្ហែតាមដងផ្លូវ ដើម្បីធ្វើបាតុកម្មតវ៉ានៅក្នុងទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់ មុននឹងកិច្ចប្រជុំ G20 ឈានចូលមកដល់នៅថ្ងៃសុក្រនេះ។ នៅក្នុងក្បួនបាតុកម្មតវ៉ា ដែលក្រុមបាតុករដាក់ឈ្មោះឱ្យថា «ស្វាគមន៍ការមកកាន់ឋាននរក» ឬ Welcome to Hell ក៏បានបង្កជាអំពើហិង្សាផងដែរ ដោយបណ្ដាលឱ្យប៉ូលិស ៧៦នាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Independent នៅព្រឹថ្ងៃសុក្រ ទី០៧ ខែកក្កដា ឆ្នាំ២០១៧។
ការប៉ះទង្គិចគ្នារវាងប៉ូលិសអាល្លឺម៉ង់ និងក្រុមបាតុករប្រឆាំងនឹងកិច្ចប្រជុំ G20 បានផ្ទុះឡើងកាលពីល្ងាចថ្ងៃព្រហស្បតិ៍ បន្ទាប់ពីក្រុមបាតុករមួយចំនួននំាគ្នាចោលដុំថ្ម និងដបទៅលើប៉ូលិស ជាហេតុបង្ខំឱ្យប៉ូលិសសម្រេចចិត្តប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹកបំបែកក្រុមបាតុករទាំងនេះ។ មិនតែប៉ុណ្ណោះនៅក្នុងអំពើហិង្សានេះ បាតុករជាច្រើននាក់បានរងរបួស និងអ្នកខ្លះទៀតត្រូវបានប៉ូលិសចាប់ខ្លួន ខណៈប៉ូលិសបានប៉ាន់ស្មានថា ក្រុមបាតុករប្រមាណ ១០០,០០០នាក់ អាចនឹងចូលរួមជាថ្មីនៅក្នុងបាតុកម្មតវ៉ាប្រឆាំង G20 នៅអំឡុងកិច្ចប្រជុំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ និងថ្ងៃសៅរ៍ស្អែកនេះ។
គួរបញ្ជាក់ថា អាជ្ញាធរអាល្លឺម៉ង់បានដាក់ពង្រាយប៉ូលិស ២០,០០០នាក់ នៅតាមទីក្រុងកំពង់ផែធំៗ និងទីក្រុង Hamburg ដើម្បីទប់ស្កាត់សកម្មភាពវាយប្រហារភេរវកម្ម ស្របពេលចរន្តប្រឆាំងនឹង G20 កំពុងមានការកើនឡើង៕