(អាល្លឺម៉ង់)៖ ប្រធានាធីបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរមកដល់ទីក្រុង Hamburg នៃប្រទេសអាល្លឺម៉ង់ ជាទីដែលបណ្តាមេដឹកនាំពិភពលោកកំពុងជួបជុំគ្នា ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20 ហើយវាក៏ជាទីកន្លែងដែលលោក ត្រាំ នឹងត្រូវជួបពិភាក្សាទល់មុខគ្នាជាលើកដំបូងបំផុត ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Washington Post នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែកក្កដា ឆ្នាំ២០១៧។
នៅមុនពេលមកដល់អាល្លឺម៉ង់ ប្រធានាធីបតីអាមេរិក លោក ដូណាល់ ត្រាំ បានចំណាយពេលវេលាកន្លះថ្ងៃ ដើម្បីបំពេញទស្សនកិច្ចនៅឯប្រទេសប៉ូឡូញ និងបានថ្លែងសុន្ទរកថា ក៏ដូចជាធ្វើសន្និសីទសារព័ត៌មានរួមគ្នាមួយ ជាមួយប្រធានាធិបតីប៉ូឡូញថែមទៀតផង។ ដោយឡែកបន្ទាប់ពីបានមកដល់ទីក្រុង Hamburg លោក ត្រាំ ក៏បានជួបអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ផងដែរ ហើយក្រៅពីនេះលោក បានចូលរួមពិធីពិសាភោជនីយ៍អាហារស្តីពីបញ្ហាសន្តិសុខអាស៊ីអាគ្នេយ៍ ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន និងនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ នៅមុនកិច្ចប្រជុំ G20 ដែលនឹងប្រព្រឹត្តទៅនាថ្ងៃសុក្រនេះ។
គួរបញ្ជាក់ថា អ្វីដែលមនុស្សភាគច្រើនទន្ទឹងរង់ចាំខ្លាំងបំផុតក្នុងអំឡុងកិច្ចប្រជុំ G20 នោះ គឺជាការជួបគ្នាជាលើកទីមួយរវាង លោក ដូណាល់ ត្រាំ និងលោក វ៉្លាឌីមៀ ពូទីន គិតចាប់តាំងតែពីលោកប្រធានាធិបតីអាមេរិក បានស្បថឡើងកាន់តំណែងជាផ្លូវការកាលពីដើមឆ្នាំ២០១៧នេះមក៕