(ប៊ែរឡាំង)៖ ប្រធានាធីបតីចិនលោក ស៊ី ជិនពីង បានថ្លែងនាថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិនស្វាគមន៍ជានិច្ចក្នុងការចូលរួមជាមួយកូរ៉េខាងត្បូង ដើម្បីស្តារចំណងទ្វេភាគីនៃប្រទេសទាំងពីរឲ្យមានប្រសើរឡើងជាងមុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៦ ខែកក្កដា ឆ្នាំ២០១៧។
លោក ស៊ី ជិនពីង បានធ្វើការលើកឡើងបែបនេះ ក្នុងអំឡុងជំនួបពិភាក្សាជាមួយប្រធានាធិបតីថ្មីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន នៅមុនកិច្ចប្រជុំកំពូល G20 ដែលនឹងប្រព្រឹត្តទៅនៅក្នុងទីក្រុង Hamburg ភាគខាងជើងប្រទេសអាល្លឺម៉ង់ ស្របពេលដែលមេដឹកនាំទាំងពីររូបបាននិងកំពុងស្ថិតនៅទីក្រុងប៊ែរឡាំង ដើម្បីត្រៀមចូលរួមព្រឹត្តការណ៍អន្តរជាតិនេះ។
នាឱកាសនោះលោក ស៊ី បានគូសបញ្ជាក់ថា «ចិននិងកូរ៉េខាងត្បូង ដែលជាប្រជាជាតិមានទីតាំងភូមិសាស្រ្តស្ថិតនៅក្បែរគ្នានោះ មានវប្បធម៌ចែករំលែកជាមួយគ្នា និងផ្តល់គុណសម្បត្តិឲ្យគ្នាទៅវិញទៅមក។ ជាងនេះទៅទៀត ភាគីទាំងពីបានប្រកាន់គោលការណ៍អភិវឌ្ឍន៍ជាជំហានៗ លើទំនាក់ទំនងប្រទេសទាំងពីរ ចាប់តាំងពីការបង្កើតចំណងការទូតកាលពី២៥ឆ្នាំមុនមកម្ល៉េះ ដែលវាបានផ្តល់ប្រយោជន៍ជាខ្លាំងដល់ប្រជាជនទាំងសងខាង និងបានចូលរួមចំណែកយ៉ាងធំធេងក្នុងការរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់»។
ដោយឡែកលោក ស៊ី លើកឡើងថា «យ៉ាងណាមិញ អស់មួយរយៈពេលធំមកនេះ ទំនាក់ទំនងចិន-កូរ៉េខាងត្បូង បាននិងកំពុងជួបប្រទះបញ្ហាលំបាកជាច្រើន ហើយពួកយើងមិនចង់ឃើញស្ថានភាពយ៉ាងដូច្នេះទៀតនោះឡើយ»។ លោកប្រធានាធិបតីចិន ក៏បានបញ្ជាក់ទៀតថា វាគឺជាទំនួលខុសត្រូវរួមគ្នារបស់ភាគីទាំងពីរ ដើម្បីបន្តរក្សានិងអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី ហើយបានទទូចដល់ទីក្រុងសេអ៊ូល ពិចារណាឲ្យបានហ្មត់ចត់ចំពោះក្តីបំណងនេះ និងធ្វើការដោះស្រាយបញ្ហាដែលពាក់ព័ន្ធដោយសមស្របត្រឹមត្រូវ ដើម្បីលុបបំបាត់ភាពរាំស្ទះទាំងឡាយដល់ការអភិវឌ្ឍន៍ទំនាក់ទំនងនៃប្រទេសទាំងពីរ។
ក្រៅពីបញ្ហាទំនាក់ទំនងទ្វេភាគីលោក ស៊ី ក៏បានជជែកពិភាក្សាអំពីស្ថានការណ៍នៅតំបន់ឧបទ្វីបកូរ៉េជាមួយលោក មូន ផងដែរ ដោយលោកមេដឹកនាំចិន បានអះអាងថាទីក្រុងប៉េកាំងគាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងថ្មី ដើម្បីបង្កើតការទាក់ទងនិងកិច្ចចរចាឡើងវិញជាមួយប្រទេសកូរ៉េខាងជើង។
លោក ស៊ី ជិនពីង បានបន្ថែមថាចិនបានប្តេជ្ញាយ៉ាងមុតមាំ ក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ និងលើកកម្ពស់សន្តិភាពព្រមទាំងស្ថិរភាពនៅទីនោះ ក៏ដូចជាដោះស្រាយបញ្ហាតាមរយៈការពិគ្រោះយោបល់និងការសន្ទនាចរចាគ្នា។ ជាការឆ្លើយតបលោក មូន បានបញ្ជាក់ថាប្រទេសរបស់លោក យល់ឃើញដូចគ្នាថា បញ្ហាកូរ៉េខាងជើង គួរតែត្រូវដោះស្រាយតាមធម៌ត្រជាក់ ហើយប្រធានាធិបតីកូរ៉េខាងត្បូង បានបន្ថែមថារូបលោកបានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការសហការជិតស្និទ្ធជាមួយចិន ដើម្បីធ្វើឲ្យតំបន់ឧបទ្វីបកូរ៉េលែងមានអាវុធនុយក្លេអ៊ែរ និងការពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់នេះ៕