(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែកក្កដា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ សហរដ្ឋអាមេរិក បានអះអាងជាថ្មីថា នឹងប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងកូរ៉េខាងជើង នៅក្នុងករណីចាំបាច់ បន្ទាប់ពីទីក្រុងព្យុងយ៉ាង ធ្វើតេស្តមីស៊ីលផ្លោងឆ្លងទ្វីប ICBM នាពេលថ្មីៗ នេះ។ ប៉ុន្តែទន្ទឹមគ្នា្ន ទីក្រុងវ៉ាស៊ីនតោន នៅតែយល់ថាចិនគឺជាតួអង្គសំខាន់ក្នុងសំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើង។
២៖ គ្រោះរញ្ជួយដីដីកម្រិតធ្ងន់ ៦.៩រ៉ិចទ័រដ៏កក្រើក បានវាយប្រហារប្រហារមកលើតំបន់មួយ ដែលស្ថិតនៅចម្ងាយប្រមាណ០៦គីឡូម៉ែត្រពីទីក្រុង Pastrana នៅលើកោះ Leyte នៃប្រទេស ភាគកណ្តាលហ្វីលីពីន ដោយមិនបានបង្កឱ្យមានការប្រកាសសញ្ញាអាសន្នពីរលកយក្សស៊ូណាមិឡើយ។
៣៖ ក្រសួងការពារជាតិប៉ូឡូញនិងក្រសួងការពារជាតិអាមេរិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលក់ប្រព័ន្ធខែលការពារមីស៊ីល US Patriot មានតម្លៃ៧.៥ពាន់លានដុល្លារទៅឱ្យប្រទេស ប៉ូឡូញ ដែលជាអ្នកជិតខាងជាប់របងជាមួយរុស្ស៊ី។ ក្រៅតែពីប៉ូឡូញ រដ្ឋបាលលោក ដូណាល់ ត្រាំ ក៏បានយល់ព្រមលក់អាវុធឱ្យអារ៉ាប៊ីសាអូឌីត កាតា និងតៃវ៉ាន់ផងដែរនាពេលថ្មីៗនេះ។
៤៖ រដ្ឋាភិបាលចិន បានជំរុញយ៉ាងពេញទំហឹង ឱ្យកូរ៉េខាងជើង គោរពតាមយ៉ាងខ្ជាប់ខ្ជួន នូវដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជៀសវាងរាល់ការធ្វើសកម្មភាពទាំងឡាយណា ដែលធ្វើឱ្យស្ថានភាពឧបទ្វីបកូរ៉េកាន់តែអាក្រក់។ កូរ៉េខាងជើង នៅតែប្រកាន់ជំហររបស់ខ្លួនថាគ្មានថ្ងៃនឹងបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរនោះឡើយ ដារាបណា សហរដ្ឋអាមេរិក នៅតែប្រកាន់នយោបាយអរិភាពប្រឆាំងនឹងខ្លួន។
៥៖ យានអវកាស Juno បានទៅដល់ភពព្រហស្បតិ៍មួយឆ្នាំគត់ និងធ្វើការសិក្សាបំបែកអាថ៌កំបាំង ដ៏មានអត្ថប្រយោជន៍ជាច្រើនសម្រាប់មនុស្សជាតិ។ Juno បានទៅដល់ភពព្រហស្បតិ៍ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦ (ពេលវេលានៅអាមេរិក) បន្ទាប់ពីបានចំណាយពេលធ្វើដំណើរផ្សងព្រេង អស់ពេលដល់ទៅ០៥ឆ្នាំឆ្លងកាត់លំហអាកាស។
៦៖ ពលករចំណាកស្រុកខុសច្បាប់មីយ៉ាន់ម៉ាទៅប្រទេសសរុប ៣៤,០៦៩នាក់ហើយ បានវិលត្រឡប់មកកាន់ស្រុកកំណើតរបស់ពួកគេវិញ គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ ទោះបីជាអាជ្ញាធរថៃបានប្រកាសពន្យាពេលការអនុម័តច្បាប់រឹតបន្តឹងថ្មី ជុំវិញបញ្ហាពលករចំណាកស្រុបមកពីបណ្តាប្រទេសជិតខាង ដែលត្រូវបានដាក់ចេញកាលពីសប្តាហ៍មុនក៏ដោយ៕