(បរទេស)៖ យានអវកាស Juno របស់អង្គការ NASA គិតមកទល់វេលានេះ បំពេញប្រតិបត្តិការនៅជុំវិញភពព្រហស្បតិ៍ (Jupiter) បានរយៈពេលគ្រប់មួយឆ្នាំ និងប៉ុន្មានថ្ងៃហើយ ដោយវាបានទៅដល់ភពដ៏ធំជាងគេប្រចាំប្រព័ន្ធអាទិត្យនេះ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦ (ពេលវេលានៅអាមេរិក) បន្ទាប់ពីបានចំណាយពេលធ្វើដំណើរផ្សងព្រេង អស់ពេលដល់ទៅ០៥ឆ្នាំឆ្លងកាត់លំហអាកាស។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយវិទ្យាសាស្រ្ត Space.com នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែកក្កដា ឆ្នាំ២០១៧។
ចាប់តាំងពីការទៅដល់របស់ Juno យានអវកាសនេះ បាននិងកំពុងអង្កេតយ៉ាងដិតដល់ទៅលើភពឧស្ម័នយក្សនេះ ដើម្បីប្រមូលយកទិន្នន័យសំខាន់ និងពោរពេញដោយសារៈប្រយោជន៍ជាច្រើន ដែលនឹងជួយដល់ក្រុមអ្នកវិទ្យាសាស្រ្ត ក្នុងការស្វែងយល់ឲ្យកាន់តែច្បាស់អំពីទម្រង់ និងការវិឌ្ឍន៍របស់ភពព្រហស្បតិ៍។
ទីភ្នាក់ងារអវកាស NASA បានឲ្យដឹងថា «រាល់ដំណើរគោចររបស់ Juno ជុំវិញគន្លងតារាវិថីរបស់ Jupiter មួយលើកៗ បាននាំយកពួកយើងកាន់តែកៀកទៅនឹងខ្សែក្រវាត់វិទ្យុសកម្មរបស់ភពដ៏ធំមហិមានេះ ក៏ប៉ុន្តែគិតមកទល់ពេលនេះ យានអវកាស Juno បានបង្ហាញសមត្ថភាពគ្រាន់បើជាងអ្វីដែលយើងបានរំពឹងទុកទៅទៀត ក្នុងការអត់ធន់ជាមួយនឹងព្យុះអេឡិចត្រុង ដែលស្ថិតនៅហ៊ុមព័ទ្ធជុំវិញភពព្រហស្បតិ៍»។
ការធ្វើដំណើរមួយជុំភពព្រហស្បតិ៍របស់យាន Juno គឺមានរយៈពេល ៥៣ថ្ងៃកន្លះនៅលើផែនដី ក្នុងទម្រង់ជារាងពងក្រពើស្តួចខ្លាំង ហើយប្រការហេតុនេះបានធ្វើឲ្យ Juno ស្ថិតក្នុងចម្ងាយ ៣,៤០០គីឡូម៉ែត្រពី Jupiter នៅពេលដែលវានៅជិតបំផុត (Perijove) និងឆ្ងាយបំផុតគឺរហូតដល់ទៅ ៨លានគីឡូម៉ែត្រ។ បើតាមទីភ្នាក់ងារអវកាស ការប្រមូលទិន្នន័យភាគច្រើនរបស់ Juno ត្រូវបានធ្វើឡើងអំឡុងពេលនៃការហោះឆ្វែលទៅកៀក (Perijove) នឹងភពព្រហស្បតិ៍ ហើយវាបានធ្វើបែបនេះចំនួន ០៥លើកហើយ ដោយគិតជាចម្ងាយសរុបរបស់វាគឺ ១១៤.៥លានគីឡូម៉ែត្រ។
យ៉ាងណាមិញ ការហោះកៀកលើកទី ០៦គឺសំខាន់បំផុត ហើយវាត្រូវគេរំពឹងថា គឺជាការធ្វើដំណើរដ៏រំភើបអស្ចារ្យមួយ។ នៅថ្ងៃទី១០ ខែកក្កដា យានអវកាស Juno នឹងធ្វើដំណើរទៅជិតចំណុចក្រហមដ៏អាថ៌កំបាំង ដែលត្រូវបានគេស្គាល់ថា «Great Red Spot» របស់ភពព្រហស្បតិ៍ ដើម្បីផ្តល់ឲ្យមនុស្សលោកយើងនូវការមើលឃើញដ៏សែនកៀកជាលើកដំបូង ចំពោះព្យុះដែលមានមុខកាត់ប្រវែង ១៦,០០០គីឡូម៉ែត្រដ៏ល្បីល្បាញ និងធំជាងផែនដីទៅទៀតនេះ។ ជាងនេះទៅទៀត ក្រុមអ្នកវិទ្យាសាស្រ្តបានធ្វើការឃ្លាំងមើលព្យុះ Great Red Spot ដ៏ធំមហិកមានេះពីចម្ងាយដោយចម្ងល់អស់រយៈពេលយ៉ាងហោចណាស់ជិត២០០ឆ្នាំមកហើយ។
ក្នុងដំណើរនេះ NASA បានឲ្យដឹងថា «Juno នឹងឧបករណ៍វិទ្យាសាស្រ្តទំនើបៗដែលបំពាក់នៅលើវា នឹងហោះមុជទៅកាន់កៀកនឹង Jupiter ដើម្បីតាមដានមើលថា តើព្យុះមហិមានេះ មានជម្រៅជ្រៅយ៉ាងណា ហើយវានឹងជួយដល់ពួកយើង ក្នុងការស្វែងយល់កាន់តែច្បាស់អំពី Great Red Spot និងអ្វីដែលធ្វើឲ្យវាមានលក្ខណៈពិសេសបែបនេះ»។
បេសកកម្ម Juno ដែលមានតម្លៃ១.១ពាន់លានដុល្លារ ត្រូវបានបង្ហោះឡើងទៅកាន់ទីអវកាសកាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១១ ហើយក្នុងអំឡុងការបំពេញបេសកកម្មរយៈពេលមួយឆ្នាំមកនេះ វាក៏បានប្រទះឃើញព្យុះខ្នាតតូច ដ៏គួរឲ្យភ្ញាក់មើលមួយចំនួនផ្សេងទៀត ដែលមើលទៅហាក់ដូចជាគុជពណ៌ស នៅក្បែរអឌ្ឍគោលទាំងសងខាងរបស់ភពព្រហស្បតិ៍ផងដែរ។ ដោយឡែកបេសកកម្មនេះ ត្រូវបាន NASA គ្រោងថានឹងបន្តដំណើរការយ៉ាងហោចណាស់ក៏ដល់ខែកុម្ភៈ ឆ្នាំ២០១៨ដែរ។
គួរបញ្ជាក់ថា ការធ្វើដំណើរទៅដល់ភពព្រហស្បតិ៍របស់យាន Juno គឺមិនមែនជាគម្រប់ខួបតែមួយគត់ ដែលអង្គការ NASA បានអបអរកាលពីថ្ងៃទី០៤ ខែកក្កដាសប្តាហ៍នេះនោះឡើយ។ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០០៥ ឧបករណ៍ស្រាវជ្រាវ Impactor មួយ ដែលត្រូវបានបញ្ចេញដោយយានអវកាស Deep Impact ក៏បានទៅដល់លើផ្កាយដុះកន្ទុយ Comet Tempel 1 ផងដែរ ហើយក្រៅពីនេះ នាថ្ងៃនិងខែដដែល កាលពីឆ្នាំ១៩៩៧ យានរ៉ូវើ (Rover) របស់បេសកកម្ម Pathfinder ក៏បានជាន់លើផ្ទៃនៃភពអង្គារ (Mars) ថែមទៀតផង៕