(ប៉ូឡូញ)៖ ក្រសួងការពារជាតិប៉ូឡូញ និងក្រសួងការពារជាតិអាមេរិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង លក់ប្រព័ន្ធខែលការពារមីស៊ីល US Patriot ទៅឱ្យប្រទេសប៉ូឡូញ ដែលជាអ្នកជិតខាងជាប់របងជាមួយរុស្ស៊ី ខណៈបណ្ដាប្រទេសអឺរ៉ុបខាងកើត ផ្សេងទៀតកំពុងព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញការពង្រីកឥទ្ធិពលរុស្ស៊ីនៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែកក្កដា ឆ្នាំ២០១៧។
ការចុះហត្ថលេខារវាងភាគីទំាងពីរ ធ្វើឡើងនាឱកាសប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បំពេញដំណើរទស្សនកិច្ចមកកាន់ប្រទេសប៉ូឡូញ មុននឹងត្រូវចូលរួមកិច្ចប្រជុំ G20 នៅឯទីក្រុង Hamberg ប្រទេសអាល្លឺម៉ង់នៅថ្ងៃសុក្រស្អែកនេះ។ ដោយឡែក បើតាមរដ្ឋមន្ត្រីក្រសួងការពារជាតិប៉ូឡូញ លោក Antoni Macierewicz ប៉ូឡូញនឹងទទួលបានប្រព័ន្ធមីស៊ីលអាមេរិក យ៉ាងយូរនៅឆ្នាំ២០២០ ហើយអាចនឹងត្រូវដាក់ឱ្យដំណើរការនៅឆ្នាំ២០២៣។
គួរបញ្ជាក់ថា ការបង្ហាញពីបំណងទិញប្រព័ន្ធមីស៊ីលពីសហរដ្ឋអាមេរិក ត្រូវបានរដ្ឋាភិបាលប៉ូឡូញ ប្រកាសកាលពីខែមីនាកន្លងទៅ និងត្រូវបានគេរំពឹងថា អាចនឹងចំណាយប្រាក់ដល់ទៅ ៧.៥ពាន់លានដុល្លារ ទិញប្រព័ន្ធមីស៊ីលទាំងនេះ ដែលមានសមត្ថភាពកម្ទេចមីស៊ីលផ្លោង, មីស៊ីលបាញ់ចេញពីនាវាមុជទឹក និងយន្ដហោះចម្បាំងជាដើម។ ក៏ប៉ុន្តែសម្រាប់ការចុះកិច្ចព្រមព្រៀងលើ ប្រព័ន្ធមីស៊ីលអាមេរិក អាចនឹងធ្វើឱ្យស្ថានភាពនៅអឺរ៉ុបខាងកើត ជាពិសេសបណ្ដាប្រទេសជាប់របងជាមួយរុស្ស៊ី ដូចជាប៉ូឡូញ កាន់តែតានតឹងឡើង ត្បិតរុស្ស៊ីមុខជានឹងពង្រីកឥទ្ធិពលរបស់ខ្លួន ក៏ដូចជាដាក់ពង្រាយមីស៊ីលបន្ថែម នៅតំបន់ព្រំដែនរបស់ខ្លួន ឆ្លើយតបទៅនឹងការបង្កើនសមត្ថភាពយោធារបស់ប្រទេសអឺរ៉ុបខាងកើត ក្រោមការជួយជ្រោមជ្រែងពីអង្គការណាតូ៕