(ញូយ៉ក)៖ ប្រទេសចិនកំពុងជំរុញយ៉ាងពេញទំហឹង ឱ្យកូរ៉េខាងជើងគោរពតាមយ៉ាងខ្ជាប់ខ្ជួន នូវដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជៀសវាងរាល់ការធ្វើសកម្មភាពទាំងឡាយ ណា ដែលធ្វើឱ្យស្ថានភាពឧបទ្វីបកូរ៉េកាន់តែអាក្រក់ ខណៈដែលកូរ៉េខាងជើងនៅតែប្រកាន់ជំហររបស់ខ្លួនជាដរាបថា គ្មានថ្ងៃនឹងបោះបង់ចោល កម្មវិធីនុយក្លេអ៊ែរនោះឡើយ។ នេះបើតាមសម្តីអគ្គរដ្ឋទូតចិនប្រចាំ UN លោក Liu Jieyi ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែកក្កដា ឆ្នាំ២០១៧។
ការថ្លែងបែបនេះរបស់ លោក Liu Jieyi ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក បានព្រមានប្រើកម្លាំងយោធាសាជាថ្មី ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង។ លោក Liu Jieyi នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការបាញ់សាកល្បងមីស៊ីលផ្លោង ( ICBM) របស់កូរ៉េខាងជើង កាលពីថ្ងៃអង្គារ បានរំលោភយ៉ាងធ្ងន់ធ្ងរ លើដំណោះស្រាយនៃក្រុមប្រឹក្សាសន្តិសុខ UN ព្រមទាំងប្រឆាំងទាំងស្រុងនឹងឆន្ទៈរបស់សហគមន៍អន្តរជាតិ ដែលនេះគឺជាទង្វើមិនអាចទទួលយកបាន... ហើយចិននៅតែប្រកាន់គោលជំហរដដែល នោះគឺគ្មានអាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ... ដូច្នេះចិនជំរុញយ៉ាងពេញទំហឹងឱ្យកូរ៉េខាងជើង គោរពតាមយ៉ាងខ្ជាប់ខ្ជួន ចំពោះដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខ UN និងជៀសវាងរាល់ការធ្វើសកម្មភាពទាំងឡាយណា ដែលធ្វើឱ្យស្ថានភាពឧបទ្វីបកូរ៉េ កាន់តែអាក្រក់ឡើង»។
ទន្ទឹមគ្នានោះដែរទីក្រុងប៉េកាំង ក៏អំពាវនាវឱ្យបណ្ដាប្រទេសពាក់ព័ន្ធទាំងអស់ រក្សាភាពស្ងប់ស្ងាត់ និងមានការអត់ធ្មត់ខ្ពស់»។ យ៉ាងមិញបើតាមក្រុមអ្នកជំនាញ វិបត្តិនៅឧបទ្វីបកូរ៉េ ទំនងជានឹងមិនអាចត្រូវបានដោះស្រាយក្នុងពេលឆាប់ៗនោះឡើយ ត្បិតទំាងចិន រុស្ស៊ី និងសហរដ្ឋអាមេរិក សុទ្ធតែមានផលប្រយោជន៍យុទ្ធសាស្រ្តរៀងៗខ្លួននៅលើឧបទ្វីបកូរ៉េ ជាឧទាហរណ៍កងទ័ពអាមេរិកជាង ២០,០០០នាក់ កំពុងឈរជើងនៅកូរ៉េខាងត្បូង ដូច្នេះបើទោះបីជាចិន និងរុស្ស៊ីមិនសូវពេញចិត្តនឹងកូរ៉េខាងជើង នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ ក៏មហាអំណាចទាំងពីរនេះ នៅតែត្រូវការកូរ៉េខាងជើងជាដាច់ខាត ដើម្បីទប់ទល់ការពង្រីកឥទ្ធិពលយោធាអាមេរិកនៅក្នុងតំបន់ ហើយភាពចាំបាច់នេះ ក៏ធ្លាប់បានបង្ហាញរួចហើយនៅអំឡុងសង្រ្គាមកូរ៉េ (ឆ្នាំ១៩៥០-១៩៥៣)។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារកន្លងទៅ ចិន និងរុស្ស៊ីដែលជាខ្នងបង្អែកដ៏ធំរបស់របបដឹកនាំ លោក គីម ជុងអ៊ុន បានចេញសេចក្ដីថ្លែងការណ៍រួមមួយ ដោយថ្កោលទោសយ៉ាងខ្លាំងចំពោះការបាញ់សាកល្បងមីស៊ីល ពីសំណាក់កូរ៉េខាងជើង និងស្នើឱ្យកូរ៉េខាងត្បូង រួមទាំងសហរដ្ឋអាមេរិក បញ្ឈប់ការធ្វើសមយុទ្ធយោធា។ ប៉ុន្តែមួយថ្ងៃក្រោយមក ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល នៅតែ ដឹកនាំការធ្វើសមយុទ្ធយោធាសំញែងសាច់ដុំដាក់កូរ៉េខាងជើងដដែល ខណៈលោក គីម ជុងអ៊ុន បានអះអាងជាថ្មីថា នឹងមិនបោះបង់ចោលអាវុធនុយក្លេអ៊ែរជាដាច់ខាត៕