(អ៊ីស្រាអែល)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបំពេញដំណើរទស្សនកិច្ចនៅលើនាវាពិឃាតអាមេរិក USS George H.W. Bush នៅឯខាងក្រៅទីក្រុង Haifa ហើយថែមទំាងបានជួយផ្សព្វផ្សាយពីនាវាចម្បាំងមួយនេះផងដែរថា ជានាវាដ៏ខ្លាំងអស្ចារ្យបំផុត ក្រោយត្រឡប់ពីការប្រយុទ្ធជាមួយពួក ISIS អស់រយៈពេលជាង ០៥ខែមកនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែកក្កដា ឆ្នាំ២០១៧។
ថ្លែងនាឱកាសនោះដែរ លោក Netanyahu បានលើកឡើងពីការចូលរួមចំណែករបស់អ៊ីស្រាអែល ក្នុងការប្រយុទ្ធនឹងពួក ISIS នៅស៊ីរី និងអ៊ីរ៉ាក់ និងបានកោតសរសើរយ៉ាងខ្លាំងដល់ ក្រុមចំរុះអន្តរជាតិដឹកនាំដោយអាមេរិក។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះ គូសបញ្ជាក់យ៉ាងដូច្នេះថា «យើងនៅទីនេះ គឺនៅលើនាវាផ្ទុកយន្ដហោះចម្បាំងដ៏អស្ចារ្យបំផុតរបស់សហរដ្ឋអាមេរិក ហើយនៅមិនឆ្ងាយពីទីនេះ នៅមាននាវាចម្បាំងដ៏អស្ចារ្យមួយផ្សេងទៀត នោះគឺរដ្ឋអ៊ីស្រាអែល... អ៊ីស្រាអែល និងសហរដ្ឋអាមេរិក ជាអ្នកស្រឡាញ់សន្តិភាព តែយើងទំាងពីរក៏បានទទួលស្គាល់ផងដែរ ចំពោះភាពចាំបាច់ក្នុងការប្រយុទ្ធប្រឆាំងនឹងសត្រូវនៃសន្តិភាព, អ្នកបំផ្លាញប្រយោជន៍រួមរបស់យើង ... ដែលទំាងនេះហើយជារឿងយើងកំពុងធ្វើរួមគ្នា»។
គួរបញ្ជាក់ថា អ៊ីស្រាអែលមិនបានចេញមុខមាត់ជាផ្លូវការជាមួយសហរដ្ឋអាមេរិក នៅក្នុងសង្រ្គាមកម្ទេចពួក ISIS នៅស៊ីរីនោះទេ។ ក៏ប៉ុន្តែម្ដងម្កាល កងកម្លាំងអ៊ីស្រាអែល តែងតែដឹកនាំការវាយប្រហារតាមផ្លូវអាកាសនៅស៊ីរី ដោយផ្ដោតសំខាន់លើក្រុមឧទ្ទាមហេសប៊ូលឡា ដែលមានអ៊ីរ៉ង់ជាខ្នងបង្អែក៕